ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ថាជោគវាសនាលោក ត្រាំ នឹងបរាជ័យដូចលោក សាដាម ហ៊ូសេន

អ៊ីរ៉ង់: ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថា លោក ដូណាល់ ត្រាំ នឹងបរាជ័យក្នុងការប្រឈមមុខ ជាមួយអ៊ីរ៉ង់ដូចជាលោក សាដាម ហ៊ូសេន ដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលើកទ្បើងនេះ គឺមេដឹកនាំអ៊ីរ៉ង់ចង់សំដៅទៅលើសង្រ្គាម នៅអំទ្បុងឆ្នាំ ១៩៨០-៨៨ រវាងមហាអំណាចមជ្ឈិមបូព៌ាទាំងពីរ រួមទាំងបានប្តេជ្ញាចិត្តផងដែរថា ក្រុងតេហេរ៉ង់ នឹងមិនបោះបង់មីស៊ីលរបស់ខ្លួនទ្បើយ បើទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។

នៅក្នុងសុន្ទរកថាមួយ នៅថ្ងៃសៅរ៍នេះ ដែលបានផ្សាយផ្ទាល់ដោយទូរទស្សន៍រដ្ឋ លោក រ៉ូហានី បាននិយាយថា «ស្ថានការណ៍ដូចគ្នា នឹងកើតទ្បើងលើរដ្ឋបាលលោក ត្រាំ។ អាមេរិកនឹងទទួលរងនូវជោគវាសនាដូចលោក សាដាម ហ៊ូសេន ជាមួយនឹងការចាប់ផ្តើមនៃសង្គ្រាម អ៊ីរ៉ង់- អ៊ីរ៉ាក់»។

ក្នុងនោះលោកបានបន្ថែមថា អ៊ីរ៉ង់ នឹងមិនបោះបង់អាវុធការពារ… រួមទាំងមីស៊ីលរបស់ខ្លួនទ្បើយ បើទោះបីវាធ្វើឲ្យមានការខឹងសម្បារ ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ»។

ការលើកឡើងរបស់លោក រ៉ូហានី បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានវាយបករដ្ឋបាលលោក ត្រាំ សម្រាប់ការគំរាមកំហែងជាក់លាក់មួយមកលើអ៊ីរ៉ង់៕

មតិយោបល់