ព័ត៌មានអន្តរជាតិ

ចិន ប្រកាសលុបចោលជំនួបយោធា ជាមួយអាមេរិក ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ទៅលើរឿងទិញអាវុធពីរុស្ស៊ី

ចិ​ន: រដ្ឋាភិបាលចិនបានកោះហៅអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងប៉េកាំង រួមទាំងបានប្រកាសលុបចោលកិច្ចចរចាផ្នែកយោធា ដើម្បីតវ៉ាប្រឆាំងនឹងអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើអង្គភាពយោធាចិន ពាក់ព័ន្ធនឹងការទិញយន្ដហោះចម្បាំង និងប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការបរទេសចិន បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Zheng Zeguang បានកោះហៅអគ្គរដ្ឋទូតអាមេរិក លោក Terry Branstad ឲ្យចូលជួបពិភាក្សា ដើម្បីប្រគល់កំណត់ទូតតវ៉ា ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ហើយបានប្រកាសលុបចោលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងកិច្ចចរចាយោធារវាងចិន និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នាសប្ដាហ៍ក្រោយផងដែរ។

ដោយយោធាចិនបានព្រមានថា នឹងចាត់វិធានការឆ្លើយតបទៅវិញ រួមទាំងបានបញ្ជាក់យ៉ាងដាច់អហង្ការថា អាមេរិកគ្មានសិទ្ធិលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទ្បើយ ជាមួយការលើកទ្បើងថា ការសម្រេចចិត្តទិញយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលពីរុស្ស៊ី គឺជារឿងធម្មតានៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងរដ្ឋតែប៉ុណ្ណោះ៕

មតិយោបល់