ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបង្កើនការការពារដែនអាកាសនៅស៊ីរី ក្រោយការបាញ់ទម្លាក់យន្តហោះយោធាខ្លួន

រុស្ស៊ី: រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា ក្រុងម៉ូស្គូនឹងបង្កើនការការពារផ្លូវអាកាស របស់ស៊ីរី ដោយការបញ្ជូនប្រព័ន្ធការពារមីស៊ីល S-300 ដ៏ទំនើបទៅកាន់កងទ័ពស៊ីរី ក្នុងរយ:ពេល ២ សប្តាហ៍ខាងមុខទៀត បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយ កាលពីថ្ងៃច័ន្ទលោក Shoigu បាននិយាយថា ការសម្រេចចិត្តបញ្ជូន S-300 ទៅកាន់កងកម្លាំងប្រដាប់អាវុធស៊ីរីនេះ គឺជាវិធានការឆ្លើយតបមួយ ដែលត្រូវបានដឹកនាំដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយវានឹងជួយបង្កើនសមត្ថភាពកងទ័ពអាកាសស៊ីរី ដើម្បីទប់ស្កាត់មិនឲ្យយន្ដហោះចម្បាំងសត្រូវ ហោះចូលក្នុងដែនអាកាសស៊ីរីតែម្ដង។

នៅថ្ងៃដដែលនោះ វិមានក្រឹមឡាំង ក៏បានធ្វើការចោទប្រកាន់អាកាសយានិកអ៊ីស្រាអែល អំពីសកម្មភាពដែលបានគិតទុកជាមុន ទាក់ទងនឹងការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី នៅក្នុងប្រទេសស៊ីរី កាលពីសប្តាហ៍មុនផងដែរ ដោយបានព្រមានថា ទង្វើនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

មតិយោបល់