Post News Media ព័ត៌មានអន្តរជាតិ ផ្ទុះភ្នំភ្លើ...

ផ្ទុះភ្នំភ្លើងនៅកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី ខណ:គ្រោះមហន្តរាយនាពេលថ្មីៗ មិនទាន់បាត់ក្ដៅផង!

ឥណ្ឌូនេស៊ី: ភ្នំភ្លើងមួយនៅកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅព្រឹកថ្ងៃពុធនេះ ដែលវាបានកើតទ្បើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកោះមួយនេះ ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

ភ្នំភ្លើង Soputan បានព្រួសចេញកម្អែលផេះ មានកម្ពស់រហូតដល់ ៤,០០០ ម៉ែត្រពីរណ្ដៅភ្នំភ្លើង ដែលជំរុញឲ្យភ្នាក់ងារគ្រោះមហន្តរាយ ព្រមានមនុស្សម្នាឲ្យស្នាក់នៅឆ្ងាយពីទីនោះ យ៉ាងហោចណាស់ ៤ គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ស្ថានការណ៍នៅពេលនេះ គឺមិនចាំបាច់ធ្វើការជម្លៀសប្រជាជនចេញនោះទេ។

ខណ:មកទល់ពេលនេះ ក៏មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស និងការខូចខាតណាមួយទេ ស្របពេលដែលផេះភ្នំភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងមិនបង្កការរំខានដល់ជើងហោះហើរនោះទេ។

សូមជំរាបថា ភ្នំ Soputan មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Palu ដែលត្រូវបានបំផ្លិចបំផ្លាញ​ដោយការរញ្ជួយដី និងរលកស៊ូណាមី កាលពីថ្ងៃសុក្រ៕

Loading...