ព័ត៌មានអន្តរជាតិ

​កូរ៉េខាងត្បូង​ ស្នើឲ្យអាមេរិក​ និង​កូរ៉េខាងជើង​ ផ្លាស់ប្ដូរជំហរតឹងរឹងដាក់គ្នា ដើម្បីសន្តិភាព

កូរ៉េ: រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានស្នើក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ប្ដូរឥរិយាបថប្រឈមមុខដាក់គ្នា តាមរយ:ការបញ្ចប់សង្រ្គាមកូរ៉េ ជាថ្នូរមកវិញនូវការរំលាយចោល ទីតាំងរោងចក្រអាវុធនុយក្លេអ៊ែរ ដើម្បីអាចចាប់ផ្តើមការចរចា ដែលបានជាប់គាំងកន្លងមក រវាងអាមេរិក និងកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៨។

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ធ្លាប់មានជំនួបកំពូលមួយ នៅសិង្ហបុរីកាលពីខែមិថុនា ដោយកិច្ចប្រជុំនេះ បាននាំឲ្យពួកគេឈានដល់កិច្ចព្រមព្រៀង មិនច្បាស់លាស់មួយ ជុំវិញការរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

ទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើងនៅតែស្ថិតក្រោម ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជុំវិញការតេស្តសាល្បងនុយក្លេអ៊ែរចំនួន៦លើក ដោយបានអះអាងថា ខ្លួនមានមីស៊ីលខ្លួន មានសមត្ថភាពអាចវាយប្រហារដល់អាមេរិក។

ក្រោយពីកិច្ចព្រមព្រៀងពីមុន បាននាំឲ្យកូរ៉េខាងជើង បានចង្អុលបង្ហាញថា ពួកគេនឹងរុះរើចោលជាអចិន្ត្រៃយ៍នូវរោងចក្រនុយក្លេអ៊ែរYongbyon ដែលជាផ្នែកដ៏ធំនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ការលើកឡើងនេះ នៅមុនដំណើរទស្សនកិច្ចនៅថ្ងៃអាទិត្យ របស់លោក ម៉ៃ ផមផេវ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទៅកាន់កូរ៉េខាងជើង ជាទីដែលលោកនឹងជួបជាមួយលោក គីម ជុង អ៊ុន នៅក្នុងការខិតខំប្រឹងប្រែងជាថ្មី ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក៏ដូចជាការលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ៕

មតិយោបល់