ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ចង់ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

អាមេរិក: បន្ទាប់ពីការសម្ញែងឥទ្ធិពលដាក់គ្នា រវាងនាវាពិឃាតរបស់អាមេរិក និងចិន នៅក្នុងសមុទ្រចិនខាងត្បូងកន្លងមក កងនាវាចរប៉ាស៊ីហ្វិករបស់អាមេរិក មានបំណងចង់ធ្វើសមយុទ្ធ កងកម្លាំងដ៏សំខាន់មួយរបស់ខ្លួន នៅក្នុងដែនទឹកកំពុងមានជម្លោះ មុនដំណាច់ឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

ប្រភពពីក្រុមមន្ត្រីយោធា បានប្រាប់ភ្នាក់ងារ CNN កាលពីថ្ងៃពុធថា កងទ័ពជើងទឹកអាមេរិក ចង់បញ្ជូននាវាចម្បាំង និងយន្តហោះពួកគេ ឆ្លងចូលដែនសមុទ្រចិនខាងត្បូង ស្ថិតនៅជិតកោះដែលត្រូវបានក្រុងប៉េកាំង អះអាងថាជាដែនទឹករបស់ពួកគេ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នាវាពិឃាត USS Decatur បានធ្វើសមយុទ្ធមួយ នៅក្នុងអ្វីដែលក្រុងវ៉ាស៊ីនតោន បានហៅវាថា ជាសេរីភាពនៃការធ្វើនាវាចរណ៍ ក្នុងដែនទឹកអន្តរជាតិរបស់ពួកគេ។

ប៉ុន្តែការធ្វើនាវាចរណ៍របស់ USS Decatur ក៏ត្រូវបានរារាំងដោយនាវាពិឃាត Luyang របស់កងទ័ពរំដោះប្រជាជនចិនផងដែរ ដើម្បីធ្វើឲ្យ USS Decatur ចាកចេញពីដែនទឹករបស់ចិន៕

មតិយោបល់