ព័ត៌មានអន្តរជាតិ

ព្យុះ Michael បំផ្លិចបំផ្លាញនៅអាមេរិក ស្ទើរនឹកស្មានមិនដល់

អាមេរិក: អភិបាលរដ្ឋលោក Rick Scott បាននិយាយថា ព្យុះ Michael បានចាកចេញទៅ ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញ នឹកស្មានមិនដល់ ក្រោយពេលដែលវាបានឆ្ពោះដំណើរ ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ដោយលោកបានមានប្រសាសន៍ថា «ជីវិតរស់នៅជាច្រើន តែងតែត្រូវបានផ្លាស់ប្តូរជារៀងរហូត ដោយគ្រួសារជាច្រើន បានបាត់បង់អ្វីៗទាំងអស់»។

តំបន់រងគ្រោះដ៏អាក្រក់បំផុតនៃឆ្នេរសមុទ្រភាគពាយ័ព្យនៃរដ្ឋផ្លរីដា ត្រូវបានគេឃើញផ្ទះជាច្រើនខ្នងរងការបំផ្លាញ ដើមឈើរបស់ពួកគេ បានបាក់រលំ និងខ្សែភ្លើងរាលដាលពេញតាមផ្លូវ។

ព្យុះ Michael បានវាយប្រហារកាលពីថ្ងៃពុធ ជាមួយនឹងល្បឿនខ្យល់បក់ ២៥០គីទ្បូម៉ែត្រក្នុងមួយម៉ោង។

យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ភាគច្រើននៃជនរងគ្រោះទាំងនោះ គឺនៅរដ្ឋផ្លរីដា ខណ:មនុស្សជាង ៣៧០,០០០ នាក់ ត្រូវបានអាជ្ញាធរបញ្ជាឲ្យជម្លៀសខ្លួនចេញ ប៉ុន្តែក្រុមមន្រ្តីជឿថា មនុស្សជាច្រើន មិនអើពើអំពីការព្រមាននេះទ្បើយ៕

មតិយោបល់