ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត ដោយសារការបាក់ដីដ៏ធំ នៅអ៊ូហ្គង់ដា ខណៈជាច្រើននាក់ទៀតបានបាត់ខ្លួន

អ៊ូហ្គង់ដា: យ៉ាងហោចណាស់មានមនុស្សចំនួន ៣៤ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការរអិលបាក់ដី បានធ្លាក់ពីលើជម្រាលភ្នំ Elgon នៅភាគខាងកើតប្រទេសអ៊ូហ្គង់ដា ដោយបានបំផ្លាញផ្ទះ និងកប់សត្វទាំងរស់ជាច្រើនក្បាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

ក្រុមអ្នកជួយសង្គ្រោះ បានកំពុងស្វែងរកជនរងគ្រោះ ដែលនៅរស់រានមានជីវិត នៅក្នុងគំនរសំរាម បន្ទាប់ពីគ្រោះមហន្តរាយនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅទីប្រជុំជន Bukalasi ក្នុងស្រុក Bududa ដោយមនុស្សមួយចំនួន បានបាត់ខ្លួន ហើយមិនទាន់ស្គាល់អត្តសញ្ញាណនៅទ្បើយទេ។

ប្រធានាធិបតីលោក Yoweri Museveni បានសរសេរនៅលើធ្វីតធ័រថា «លោកបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការរអិលបាក់ដី ដែលបានបំផ្លិចបំផ្លាញនៅក្នុងសង្កាត់ Bududa … ហើយរដ្ឋាភិបាលក៏បានបញ្ជូនក្រុមជួយសង្គ្រោះ ទៅតំបន់រងគ្រោះភ្លាមៗផងដែ»។

ក្នុងនោះលោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសម្លឹងមើលជម្រើសផ្សេងទៀត​ ដើម្បីជួយការពារគ្រោះមហន្តរាយបន្ថែមទៀត៕

មតិយោបល់