ព័ត៌មានអន្តរជាតិ

ស៊ីរី និងអ៊ីស្រាអែល ព្រមព្រៀងគ្នាដើម្បីបើកច្រកគន្លឹះទ្បើងវិញ ក្នុងតំបន់ជម្លោះ Golan Heights

អ៊ីស្រាអែល: កាលពីចុងខែកញ្ញាកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានបង្ហាញសញ្ញាថា ប្រទេសរបស់លោកត្រៀមខ្លួន នឹងបន្តសកម្មភាពធម្មតា នៅចំណុចឆ្លងកាត់ព្រំដែន Quneitra ជាមួយប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikkei Haley បាននិយាយថា អ៊ីស្រាអែល និងស៊ីរី បានយល់ព្រមព្រៀងគ្នា បើកទ្បើងវិញនូវប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងតំបន់ Golan Heights កាលពីថ្ងៃច័ន្ទ ដើម្បីជួយសម្រួលដល់កងរក្សាសន្តិភាព UN ទប់ស្កាត់អរិភាពនៅក្នុងតំបន់នោះ។

ដោយលោកស្រី បានចង្អុលបង្ហាញថា អាមេរិក កំពុងមើលទៅកាន់ភាគីទាំងពីរ គឺអ៊ីស្រាអែល និងស៊ីរី សម្រាប់ការផ្តល់ដល់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនូវលទ្ធភាពដែលពួកគេត្រូវការ និងការធានាសុវត្ថិភាពរបស់ពួកគេ។

ក្នុងនោះលោកស្រី ក៏បានអំពាវនាវដល់រដ្ឋាភិបាលស៊ីរី ឲ្យចាត់វិធានការចាំបាច់ ដើម្បីអនុញ្ញាតដល់កងរក្សាសន្តិភាព UN អាចល្បាតនៅតំបន់នោះ ដោយគ្មានការជ្រៀតជ្រែកផងដែរ៕

មតិយោបល់