ព័ត៌មានអន្តរជាតិ

លោកស្រី​ តេរ៉េហ្សា មេ អះអាងថា Brexit នៅតែអាចសម្រេចបាន ទោះបីជាមានភាពខុសគ្នាក្តី

អង់គ្លេស: នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី តេរ៉េហ្សា មេ បានអំពាវនាវឲ្យមានការត្រជាក់ចិត្ត និងរក្សាភាពស្ងប់ស្ងាត់ ខណ:លោកស្រីបានអះអាងថា កិច្ចព្រមព្រៀងថ្មីមួយ នៅតែអាចសម្រេចបាន បើទោះបីជាមានការខ្វែងគំនិតគ្នា ជាមួយសហភាពអឺរ៉ុបក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

លោកស្រី មេ បាននិយាយថា វាជាការខកចិត្តមួយ ដែលភាគីទាំងពីរមិនអាចយល់ស្របអំពីរបៀបធានា មិនឱ្យមានផលវិបាកទៅលើបញ្ហាព្រំដែន នៅអៀរឡង់ខាងជើង។

យ៉ាងណាមិញលោកស្រី បានបន្ថែមថា បញ្ហានេះ មិនអាចរាំងស្ទះឱកាស នៃការដោះស្រាយកិច្ចព្រមព្រៀងនោះទេ។

ទន្ទឹមនឹងគ្នានេះដែរ នៅមុនជំនួបកំពូលនៃមេដឹកនាំអ៊ឺរ៉ុប នាសប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល បានព្រមានថា កិច្ចព្រមព្រៀងមួយនេះ នឹងកាន់តែធ្វើឲ្យមានផលវិបាកបន្ថែម ដោយសារតែបញ្ហាព្រំដែន។

ក្នុងនោះលោកស្រី មឺគែល បានបញ្ជាក់ថា «ប្រសិនបើដំណើរវាមិនទទួលបានលទ្ធផលនៅសប្តាហ៍នេះនោះ យើងនឹងត្រូវបន្តការចរចារវា ដើម្បីភាពច្បាស់លាស់ ប៉ុន្តែពេលវេលា គឺកំពុងជាសម្ពាធសម្រាប់ដំណោះមួយនេះ»៕

មតិយោបល់