ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មប្រឆាំងបណ្តាញគាំទ្រកងកម្លាំងតស៊ូ Basij របស់អ៊ីរ៉ង់

អាមេរិក: ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើបណ្តាញជំនួញ ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កងកម្លាំងយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ថា ពួកគេបានហ្វឹកហ្វឺន និងដាក់ពង្រាយកងទ័ពកុមារ ដើម្បីចូលរួមប្រយុទ្ធជាមួយកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC)។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

ការដាក់ទណ្ឌកម្មនេះ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ដោយមានគោលដៅ ទៅលើក្រុមពាណិជ្ជកម្មយ៉ាងហោចណាស់ ២០ ស្ថាប័ន និងស្ថាប័នហិរញ្ញវត្ថុ ដែលត្រូវបានគេស្គាល់ថា Bonyad Taavon Basij ។

ដោយក្រសួងរតនាគារ បាននិយាយថា បណ្តាញនេះ បានផ្តល់នូវហិរញ្ញវត្ថុទៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដល់កងកម្លាំងគ្រាំទ្រ Basij ដែលជាក្រុមប៉ារ៉ាយោធា ធ្វើការសម្រាប់ពួកឥស្សរជន IRGC ហើយបញ្ជូនទាហានកុមារ ទៅឲ្យស៊ីរី ដើម្បីការគាំទ្រដល់របបរបស់លោកប្រធានាធិបតី Bashar al-Assad ។

ពាក់ព័ន្ធនឹងបញ្ហានេះ លេខាធិការរតនាគារលោក Steven Mnuchin បាននិយាយថា សហគមន៍អន្ដរជាតិ ចាំបាច់ត្រូវយល់ថា ការធ្វើជំនួញជាមួយបណ្តាញ Bonyad Taavon Basij នឹងបង្កផលវិបាកផ្នែកមនុស្សធម៌នៅលើពិភពលោក យ៉ាងពិតប្រាកដ»៕

មតិយោបល់