ព័ត៌មានអន្តរជាតិ

ជប៉ុន ប្តេជ្ញាជំទាស់យ៉ាងដាច់អហង្ការទៅនឹងរុស្ស៊ី ជុំវិញការធ្វើសមយុទ្ធមីស៊ីលលើកោះគូរូល

ជប៉ុន: អគ្គលេខាធិការគណ:រដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា ក្រុងតូក្យូបានបង្ហាញការតវ៉ាមួយ ទៅកាន់ក្រុងម៉ូស្គូអំពីការធ្វើសមយុទ្ធមីស៊ីល ដែលបានគ្រោងទុកនៅលើកោះគូរ៉ូល ដែលកំពុងមានជម្លោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Suga បាននិយាយថា «យើងតែងតែតាមដានយ៉ាងជិតស្និទ្ធ នូវសកម្មភាពរបស់រុស្ស៊ី នៅតំបន់ដែនដីភាគខាងជើង ស្ថិតនៅខាងត្បូងកោះគូរូល។ ដោយកាលពីថ្ងៃទី ១៦ ខែតុលានេះ យើងក៏បានសម្តែងការតវ៉ាទៅកាន់ក្រុងម៉ូស្គូ តាមរយ:បណ្ដាញការទូតស្តីពីសមយុទ្ធមីស៊ីល នាពេលខាងមុខ ដោយសារយើងមើលឃើញថា រុស្ស៊ីកំពុងនាំឲ្យមានវត្តមានយោធាកាន់តែច្រើនឡើង នៅភាគខាងជើងកោះចំនួន ៤ ដែលផ្ទុយទៅនឹងជំហររបស់ជប៉ុន»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានជូនដំណឹងដល់ភាគីជប៉ុន អំពីសមយុទ្ធមីស៊ីលរបស់ខ្លួន នៅជិតកោះអ៊ីទូរ៉ូ ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១៧ ខែតុលា និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨។

ដោយទ្បែកនៅក្នុងការឆ្លើយតបទៅនឹងការតវ៉ាម្តងហើយម្តងទៀតរបស់ជប៉ុន ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីមានសិទ្ធិលើអធិបតេយ្យខ្លួន ដើម្បីអនុវត្តសកម្មភាពណាមួយ នៅលើទឹកដីរបស់ពួកគេ៕

មតិយោបល់