Post News Media ព័ត៌មានអន្តរជាតិ ព្រះអង្គ​ម្ចា...

ព្រះអង្គ​ម្ចាស់ Mohammed bin Salman​ ភ័យខ្លាចរឿង​ចូល​ទីវង្គត​ ​មុនការសម្រេច​ជោគ​ជ័យលើគោលដៅរបស់ព្រះអង្គ ក្រោយមាន​ការ​សង្ស័យ​សម្លាប់​លោក​ Khashoggi

អារ៉ាប៊ីសាអូឌីត: ចំពេល​ដែល​ភ័ស្តតាង​កាន់តែ​ច្រើន​ឡើង ​ទាក់ទងនឹងព្រះ​អង្គ​ ​Mohammed bin Salman ទៅ​នឹង​ការ​សង្ស័យ​ពី​ការ​ធ្វើ​ឃាត​លោក​ Jamal Khashoggi​ អ្នក​កាសែត ​និង​អ្នក​ប្រឆាំង​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​២​សប្តាហ៍​មុន ​នៅ​ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​របស់​លោក នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ​ការភ័យ​ខ្លាច​របស់ព្រះអង្គ​ថា នឹង​ចូល​ទីវង្គតមុនការសម្រេច​ជោគ​ជ័យលើគោលដៅនោះ ​អាច​ក្លាយ​ទៅ​ជា​ទំនាយ។

ទន្ទឹមនឹងករណីនេះ គេសង្កេតឃើញថា ក៏មានបញ្ជី​ឈ្មោះ​របស់​ពាណិជ្ជករ​ធំៗ​ និង​រដ្ឋាភិបាល​ជាច្រើន​​ ​បានធ្វើការដក​ខ្លួន​ចេញពី​សន្និសីទ​វិនិយោគទុន​ ដែល​គ្រោង​ឡើង​នៅ​សប្តាហ៍​ក្រោយ​ ​ក្នុង​រាជ​ធានី​រីយ៉ាដ​ផងដែរ។

ដោយ​ពួក​អ្នក​វិ​ភាគទាំងនោះ បាន​និយាយ​ថា ការ​សន្យា​របស់​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ Mohammed bin Salman ​ដើម្បី​ចាប់​ផ្តើម​ស្ថាបនា​ប្រទេស​អារ៉ាប៊ីសាអូ​ឌីត​ថ្មី​មួយ​ ហើយ​និង​ធ្វើ​ឲ្យ​ព្រះ​រាជា​ណាចក្រ​អភិរក្ស​និយមនេះ ​ក្លាយ​ជា​រដ្ឋ​ទំនើប​មួយ​ ឥឡូវ​នេះ ​ហាក់​ដូចជា​កំពុងស្ថិត​​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់បំផុត។

សូមជំរាបថា សន្និសីទ​វិនិយោគទុន​នាសប្តាហ៍​ក្រោយ ​ដែល​គេឲ្យឈ្មោះ​ថា «កិច្ច​ផ្តួច​ផ្តើម​នៃ​ការ​វិនិយោគ​ទុនពេល​អនាគត» ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ព្រះអង្គ​ម្ចាស់រាជទា​យាទ មាន​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​អារ៉ាប៊ីសាអូឌីត​លើ​ប្រេង ​ហើយ​និង​ផ្តល់​ការងារ​ថ្មីៗ​ ក្នុង​ផ្នែក​នានា​ដែល​មិនពាក់ព័ន្ធនឹង​ឥន្ធន:ហ្វូស៊ីល​ ដែល​ប្រទេសនេះ កំពុង​ពឹង​ផ្អែក៕

Loading...