Post News Media ព័ត៌មានអន្តរជាតិ កូរ៉េទាំងពីរ ...

កូរ៉េទាំងពីរ និងកងកម្លាំងអង្គការសហប្រជាជាតិ ព្រមព្រៀងគ្នាដកអាវុធចេញពីព្រំដែន

កូរ៉េ: ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង រួមទាំងបញ្ជាការនៃអង្គការសហប្រជាជាតិ (UNC) បានយល់ព្រមគ្នា ដើម្បីដកអាវុធ ក៏ដូចជាឆ្មាំយាមនៅក្នុងភូមិ Panmunjom នាសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ភាគីទាំងបី បានបើកកិច្ចចរចាលើកទី ២ របស់ពួកគេនៅភូមិ Panmunjom ដើម្បីពិភាក្សាអំពីវិធី ដើម្បីដកកងកម្លាំងយោធាចេញពីតំបន់ព្រំដែន ស្របតាមកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលបានធ្វើទ្បើងក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែមុន នៅទីក្រុងព្យុងយ៉ាង។

UNC ដែលដឹកនាំដោយអាមេរិក និងក៏ជាអ្នកបានត្រួតត្រាកិច្ចការ នៅតំបន់គ្មានព្រំដែនយោធា (DMZ) ចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មិនទាន់អាចធ្វើការអត្ថាធិប្បាយ ឬបកស្រាយការលើកទ្បើងនេះ ភ្លាមៗទេ ប៉ុន្តែបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងគាំទ្រកិច្ចប្រឹងប្រែងរបស់កូរ៉េទាំងពីរ ដើម្បីអនុវត្តកិច្ចព្រមព្រៀងយោធារបស់ពួកគេ។

ការប្រកាសនេះ កើតមានចំពេលដែលមានការព្រួយបារម្ភរបស់អាមេរិកថា គំនិតផ្តួចផ្តើមយោធាអន្តរកូរ៉េ អាចធ្វើឲ្យប៉ះពាល់ដល់ការត្រៀមខ្លួនការពារជាតិ ហើយនឹងមិនមានវឌ្ឍនភាពច្រើនលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ៕

Loading...