ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានការប្រកួតប្រជែងអាវុធ ប្រសិនបើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនោះ

រុស្ស៊ី: រដ្ឋាភិបាលក្រុងមូស្គូ បានព្រមានថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចបញ្ឆេះឲ្យមានការប្រកួតប្រជែងផ្នែកប្រដាប់អាវុធថ្មីមួយ រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដែលនាំឲ្យពិភពលោកក្លាយជាកន្លែងកាន់តែគ្រោះថ្នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំចិត្ត ប្រសិនបើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ ១៩៨៧។

ដោយលោក Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីម៉ូស្គូថា «ដោយសារតែការលុបចោលសន្ធិសញ្ញា INF មានន័យថា អាមេរិក លែងលាក់បាំងអ្វីទៀតហើយ គឺពួកគេចង់បើកចំហរដោយផ្ទាល់ ក្នុងការបង្កើតប្រព័ន្ធអាវុធ នៅថ្ងៃអនាគត»។

ហើយប្រសិនបើប្រព័ន្ធទាំងនេះ ត្រូវបានបង្កើតឡើងនោះ សកម្មភាពចាំបាច់ពីបណ្តាប្រទេសដទៃទៀត ក្នុងករណីនេះ គឺរុស្ស៊ីត្រូវតែស្ដារតុល្យភាពខ្លួនឡើងវិញ នៅក្នុងវិស័យមួយនេះ៕

មតិយោបល់