Post News Media ព័ត៌មានអន្តរជាតិ យោធាអាមេរិក ក...

យោធាអាមេរិក កំពុងពិចារណា ខណ:ទទួលបានសំណើរសុំឲ្យបញ្ជូនកងកម្លាំង ទៅព្រំដែនអាមេរិក-ម៉ិកស៊ិក

អាមេរិក: កងទ័ពអាមេរិក បានទទួលការស្នើសុំឲ្យមានការបញ្ជូនកងកម្លាំង ទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងជនចំណាកស្រុក និងជនភៀសខ្លួនជនជាតិអាមេរិកកណ្តាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ក្រុមអ្នកធ្វើដំណើរចំណាកស្រុកជាច្រើននាក់ ហាក់ស្ថិតនៅឆ្ងាយពីព្រំដែនអាមេរិកជាង ១,៥០០ គីឡូម៉ែត្រ ខណ:មន្ត្រីអាមេរិកម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រថា យោធាកំពុងពិនិត្យសំណើខាងលើ ដែលអាចតម្រូវឲ្យពួកគេដាក់ពង្រាយកងកម្លាំងសកម្មចន្លោះពី ៨០០ ទៅ ១០០០នាក់ទៅកាន់ព្រំដែន ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរតាមផ្លូវរបស់ពួកអ្នកដំណើរទាំងនោះ។

ដោយបុរសស្ត្រី និងកុមារអាមេរិកកណ្តាល ដែលមានដើមកំណើតនៅអាមេរិកកណ្តាលរាប់ពាន់នាក់ កំពុងស្វែងរកការគេចចេញពីអំពើហិង្សា ភាពក្រីក្រ និងអំពើពុករលួយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសកំណើតរបស់ពួកគេ ហើយបានបន្តដំណើរឆ្ពោះមកមុខពីទីប្រជុំជន Mapastepec ចូលមកជិតព្រំដែនហ្គាតេម៉ាឡា នៅម៉ិកស៊ិកខាងត្បូង។

ប្រភពដដែលបានបន្ថែមថា រាល់ទាហានអាមេរិកណាមួយ ដែលបានដាក់ពង្រាយនៅតាមព្រំដែន នឹងមិនចូលរួមក្នុងសកម្មភាពអនុវត្តច្បាប់ ប្រឆាំង ឬហាមឃាត់របស់ខ្លួននោះទេ ដោយគោរពតាមច្បាប់សហព័ន្ធ ដែលមាននៅក្នុងឆ្នាំ ១៨៧០៕

Loading...