Post News Media ព័ត៌មានអន្តរជាតិ កាន់តែក្ដៅ! ល...

កាន់តែក្ដៅ! លោក ត្រាំ ​គំរាមប្រើទាហានបិទច្រកព្រំដែន និងប្រាប់ឲ្យក្រុមជន​ចំណាក​ស្រុក ដង្ហែក្បួនត្រឡប់​ថយ​ក្រោយ

អាមេរិក:​ ប្រធានាធិបតីអាមេរិក លោក ដូណា ត្រាំ បានប្រកាសប្រាប់ក្បួនក្រុមជន​ចំណាក​ស្រុក​មក​ពីតំបន់​កណ្តាល​នៃទ្វីប​អាមេរិក​ ដែលកំពុងដើរ​ទៅកាន់​ព្រំដែនខាងជើង​នៃប្រទេស​ម៉ិកស៊ិក ឲ្យត្រឡប់​ថយ​ក្រោយ ដោយបាន​ហៅ​សេចក្តី​សង្ឃឹម​នៃក្រុមជន​ទាំងនេះ​​ថា ជា​អាសន្ន​របស់​ជាតិ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។

កងជីវពលអាមេរិកជាង​២ពាន់ ​​​ត្រូវបានដាក់​ពង្រាយ​រួច​ជាស្រេច ​នៅព្រំប្រទល់ភាគខាងត្បូងរបស់អាមេរិក។ ដោយកាល​ពីថ្ងៃព្រហស្បតិ៍​ លោក ត្រាំ បានព្រមាន​ថា លោក​នឹង​បញ្ជូន​ទាហាន​ទៅ​កាន់​ព្រំដែនបន្ថែម ដើម្បី​រារាំង​ក្បួន​ក្រុមជនទាំងនេះ ​កុំឲ្យ​ចូល​ក្នុង​ប្រទេស។

ក្នុងនោះលោកបាន​សរសេរ​នៅលើប្រព័ន្ធ Twitter ថា លោកនឹង​បញ្ជូន​ទាហាន ​សម្រាប់ទប់ស្កាត់ករណីនេះ និងបានធ្វើការស្ដីបន្ទាសដល់ពួក​ប្រជាធិបតេយ្យ ​អំពី​បញ្ហា​ជនចំណាក​ស្រុក​ ដែល​ស្វះស្វែង​មក​ជ្រកកោន ​ក្នុងទឹកដីអាមេរិក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ ក៏បានរិះ​គន់​ប្រទេសហុងឌូរ៉ាស​ ​អែលសាវ៉ាឌ័រ​ និង​ក្វាតេម៉ាឡា​ ដែល​មិនបាន​បញ្ឈប់ពលរដ្ឋ​ខ្លួន ​មិន​ឲ្យចាក​ចេញ​ពី​ប្រទេស​ពួកគេមក​កាន់អាមេរិក។ ខណ:ដែលកាលពីថ្ងៃ​ច័ន្ទ ​លោក ត្រាំ បានព្រមានថា ​នឹងចាប់​ផ្តើមកាត់​ផ្តាច់ ​ឬ​បន្ថយ​ជំនួយ​បរទេស​ដល់ប្រទេស​ទាំងនោះ ​ហើយ​ថែមទាំងគំរាម​​កាលពី​សប្តាហ៍​មុនថា​ នឹង​ប្រើ​ទាហាន​ឲ្យបិទ​ព្រំដែន​ផង​ដែរ៕

Loading...