ព័ត៌មានអន្តរជាតិ

Update៖ ការស៊ើបអង្កេត កំពុងចាប់ផ្ដើម តាមរយៈការស្វែងរកប្រអប់ខ្មៅ ខណៈជនរងគ្រោះ ត្រូវគេសន្និដ្ឋានថា ទំនងជាស្លាប់ទាំងអស់ហើយ ក្នុងករណីធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: ក្រុមស្រាវជ្រាវបានរុករកប្រអប់ខ្មៅ នៅទីតាំងកើតហេតុ នាថ្ងៃអង្គារនេះ ដើម្បីប្រមូលភស្តុតាង រួចធ្វើការកំណត់នូវអ្វី ដែលជាមូលហេតុនាំឲ្យមានការធ្លាក់យន្តហោះ ដឹកអ្នកដំណើរចំនួន ១៨៩ នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

អ្នកមុជទឹក បានស្វែងតួយន្តហោះសំខាន់ៗ និងបានដាក់ពង្រាយផ្កាយរណបក្រោមទឹក ដើម្បីតាមដានរកប្រអប់ខ្មៅរបស់យន្តហោះ ដើម្បីរកឲ្យឃើញនូវអ្វី ដែលបណ្តាលឲ្យកើតមានឧបទ្ទវហេតុអាកាសចរណ៍ ស្លាប់មនុស្សជាច្រើននាក់ នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី។

យ៉ាងណាមិញការរុករក ត្រូវបានបញ្ឈប់នៅពេលយប់ផងដែរ ខណ:នាវាសូណាជាច្រើនគ្រឿង និងយន្តហោះគ្មានអ្នកបើកបរក្រោមទឹក នៅតែបន្តប្រតិបត្តិការស្វែងរក។

លោក Soerjanto Tjahjono ប្រធានគណ:កម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «ពួកគេសង្ឃឹមថា នៅថ្ងៃនេះ នឹងអាចរកឃើញកម្ទេចកម្ទី ឬតួយន្តហោះ ដែលធ្លាក់នោះ»។

នាយកនៃទីភ្នាក់ងារស្វែងរក និងជួយសង្រ្គោះ បាននិយាយថា «វារាប់ម៉ោងមកហើយ ក្រោយយន្តហោះធ្លាក់ ដូច្នេះមនុស្សទាំង១៨៩នាក់ ទំនងជាបានស្លាប់អស់ហើយ»៕

មតិយោបល់