ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិក ទាមទារឲ្យមានបទឈប់បាញ់គ្នានៅយេម៉ែន

យេម៉ែន: មន្រ្តីកំពូលៗ របស់អាមេរិក បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ នៅយេម៉ែន និងទាមទារឲ្យភាគីជម្លោះ ចូលមកកាន់តុចរចា ដើម្បីសន្តិភាព។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ បានកើតឡើងនៅពេលដែលក្រុមចម្រុះយោធា ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត – សហព័ន្ធ​អារ៉ាប់រួម បានដាក់ពង្រាយកងទ័ពថ្មីជាង ១០,០០០ នាក់ ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ ដែលគ្រប់គ្រងដោយពួកឧទ្ទាម នៅក្នុងការប្រយុទ្ធប្រឆាំងថ្មីមួយ។

លោក James Mattis ប្រធានមន្ទីរបញ្ចកោណ បាននិយាយថា អាមេរិកបានឃ្លាំមើលការប៉ះទង្គិចគ្នានេះ អស់រយ:ពេលជាយូរមកហើយ ដោយលោកបន្ថែមថា លោកជឿថា អារ៉ាប៊ីសាអ៊ូឌីត និងសហព័ន្ធ​អារ៉ាប់រួម ដែលស្ថិតនៅក្នុងក្រុមចម្រុះ គាំទ្រដោយអាមេរិកដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយពួកឧទ្ទាម Houthi បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា។

ដោយលោក Mattis បាននិយាយនៅវិទ្យាស្ថានសន្តិភាពអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោនថា «យើងត្រូវឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែង សន្តិភាពមួយនៅទីនោះ ទោះបីពេលនេះ យើងមិនទាន់អាចធ្វើវាបានក៏ដោយ តែអនាគតយើងត្រូវធ្វើបែបនេះ ក្នុងរយ:ពេល ៣០ ថ្ងៃទៀត»៕

មតិយោបល់