ព័ត៌មានអន្តរជាតិ

អំទ្បុងសមយុទ្ធសមុទ្រដ៏ធំជាងគេបំផុតនៅអឺរ៉ុប យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ ហោះល្បាត​នៅ​សមុទ្រ​អាក់​ទិ​ក

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន២គ្រឿង របស់កងកម្លាំងអាកាសខ្លួន បានហោះល្បាត​លើ​សមុទ្រ​អាក់​ទិក ខណ:កំពុងធ្វើសមយុទ្ធសមុទ្រ ដ៏ធំជាងគេបំផុតនៅអឺរ៉ុប របស់អង្គការណាតូ។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការហោះល្បាតនេះ បានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាស ដោយពុំមានការរំលោភលើព្រំដែនរបស់រដ្ឋផ្សេងៗទៀត ទ្បើយ ដោយ​ក្រុមអាកាសយានិក នឹងត្រូវត្រឡប់ទៅកាន់ទីលានអាកាសយានដ្ឋានរបស់ពួកគេវិញ ក្រោយបំពេញបេសកកម្មនេះរួចរាល់។

ប្រភពដែល បានបន្ថែមថា សមយុទ្ធនោះ មានឈ្មោះថា Trident Juncture 2018 កំពុងត្រូវបានធ្វើនៅប្រទេសន័រវែស និងនៅសមុទ្រជុំវិញប្រទេស ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៧ខែវិច្ឆិកាខាងមុខ។

សមយុទ្ធនេះ គឺមានការចូលរួមពីកងទ័ពប្រមាណជា ៥០,០០០នាក់ មកពីសមាជិកអង្គការណាតូ ដែលមានប្រទេសជាសមាជិកចំនួន២៩ និងប្រទេសជាដៃគូដទៃទៀត រួមមាន៖ ស៊ុយអែត និង ហ្វាំងឡង់ ដោយមានយន្តហោះ២៥០ គ្រឿង នាវាចំនួន៦៥ គ្រឿង និងរថយន្តចំនួន១០,០០០គ្រឿង៕

មតិយោបល់