គុយបា: ប្រធានាធិបតីប្រទេសគុយបា លោក Miguel Diaz-Canel បានមកដល់ប្រទេសរុស្ស៊ីហើយ សម្រាប់ជំនួបចរចា ដែលគេរំពឹងថា នឹងផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
មេដឹកនាំវ័យ ៥៧ ឆ្នាំរូបនេះ នឹងជួបជាមួយសមភាគីរុស្ស៊ី គឺលោក វ្លាឌីមៀរ ពូទីន នៅរដ្ឋធានីម៉ូស្គូ នាថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកដំបូង របស់លោកនៅក្រៅប្រទេស ដោយរាប់បញ្ចូលទាំងដំណើរឈប់ចត នៅចិន កូរ៉េខាងជើង វៀតណាម និងឡាវផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា មេដឹកនាំទាំងពីរ គ្រោងនឹងពិភាក្សាគ្នាអំពីកិច្ចការរដ្ឋ និងការពង្រឹងយុទ្ធសាស្ត្រនៃភាពជាដៃគូ រវាងរុស្ស៊ី-គុយបានាពេលអនាគត នៅក្នុងវិស័យផ្សេងៗ រួមទាំងពិភាក្សាគ្នាអំពីទស្សន:ស្តីពីបញ្ហាអន្តរជាតិ និងក្នុងតំបន់បច្ចុប្បន្នផងដែរ។
សូមជំរាបថា ក្នុងអំឡុងសង្គ្រាមត្រជាក់ទីក្រុងម៉ូស្គូ និងក្រុងហាវ៉ាណា ជាសម្ព័ន្ធមិត្ដយ៉ាងជិតស្និទ្ធ ដោយសហភាពសូវៀត បានបូមប្រេងរាប់លានដុល្លារ ចូលទៅក្នុងកោះកុម្មុយនិស្តតូចមួយនេះ៕
មតិយោបល់