ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្ម៖ អ៊ីរ៉ង់ ប្តេជ្ញាបន្តលក់ប្រេង ខណៈដែលទណ្ឌកម្មរបស់អាមេរិក ចូលជាធរមាន

អាមេរិក: នៅថ្ងៃច័ន្ទនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសដាក់ឡើងវិញនូវរាល់ទណ្ឌកម្មទាំងអស់ ដែលបានដកពីអ៊ីរ៉ង់ ក្នុងនោះរួមមានវិស័យថាមពល និងធនាគារ ខណ:ដែលប្រទេសចំនួន ៨ នឹងទទួលបានការលើកលែង ចំពោះការដាក់ទណ្ឌកម្មនេះ ជាបណ្តោះអាសន្ន បន្ទាប់ពីការនាំចូលប្រេងពីអ៊ីរ៉ង់ របស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងរបបដឹកនាំខ្លួន ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានប្តេជ្ញាថា ក្រុងតេអេរ៉ង់ នឹងបន្តលក់ប្រេង ទោះបីជាមានទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ ត្រូវបានដាក់ចេញដោយអាមេរិកក៏ដោយ។

ដោយលោក បានបន្តថា «ជាក់ស្ដែងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ អាចបន្តការលក់ប្រេង និងប្រេងឆៅរបស់ខ្លួន … ទោះបីជាប្រទេសទាំងនោះ មិនត្រូវបានគេផ្តល់ការលើកលែងក៏ដោយ យើងនឹងលក់ប្រេងរបស់យើងដោយកិត្តិយស … ពីព្រោះការដាក់ទណ្ឌកម្មទាំងនោះ គឺជាអំពើឃោរឃៅ និងប្រឆាំងនឹងច្បាប់អន្ដរជាតិ»។

ក្នុងនោះលោកបានបន្ថែមថា « យើង កំពុងស្ថិតក្នុងស្ថានភាពសង្រ្គាមពាណិជ្ជកម្ម ដែលប្រឈមនឹងអំណាចមួយ គំរាមកំហែង។ ខ្ញុំមិនគិតទេថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មាននរណាម្នាក់ ដែលឈរជើងនៅសេតវិមាន ធ្វើការប្រឆាំងនឹងច្បាប់ ក៏ដូចជាអនុសញ្ញាអន្តរជាតិទាល់តែសោះ»៕

មតិយោបល់