ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី

អាមេរិក: យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយក្រសួងរតនាគារ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អាមេរិក បានដាក់ទណ្ឌកម្មថ្មីប្រឆាំងបុគ្គល និងអង្គភាពនានា ដែលគាំទ្រសកម្មភាពរុស្ស៊ី នៅក្នុងបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាយកដ្ឋានរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មនេះ បានកំណត់ទៅលើបុគ្គល ៣នាក់ និងអង្គភាពចំនួន 9 ដែលបានចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ឬការគ្រាំទ្រចំពោះផលប្រយោជន៍របស់រុស្ស៊ី នៅតំបន់គ្រីមៀ។

ប្រភពដដែលបានបន្ថែមថា ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់បុគ្គល ក៏ដូចជាអង្គភាពទាំងនោះ នឹងត្រូវបានកំណត់ក្រោមដែនសមត្ថកិច្ចអាមេរិក ដោយការផ្អាកប្រតិបត្តិការ ហើយរាល់បុគ្គលទាំងអស់ក្នុងប្រទេស ត្រូវបានហាមឃាត់ មិនឲ្យធ្វើអាជីវកម្ម ជាមួយពួកគេទ្បើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនអាចនឹងដាក់ទណ្ឌកម្មមួយជុំទៀតលើរុស្ស៊ី ទាក់ទងនឹងការវាយប្រហារទៅលើអតីតមន្ត្រីចារកិច្ចរុស្ស៊ីម្នាក់ នៅចក្រភពអង់គ្លេស កាលពីខែមីនាកន្លងទៅ៕

មតិយោបល់