ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង ចាប់ផ្តើមបំផ្លាញប៉ុស្តិ៍ព្រំដែនប្រទេសទាំងពីរ

កូរ៉េ: រដ្ឋាភិបាលក្រុងសេអ៊ូល និងព្រុងយ៉ាង បានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍ព្រំដែនការពារជាតិរួមគ្នា ចំនួន ២០ នៅតាមបណ្តោយព្រំដែន ដែលមានកំពែងរឹងមាំរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ក្រោមផែនការមួយ ដើម្បីកាត់បន្ថយភាពតានតឹង នៅតាមព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងរវាងឧត្តមសេនីយ៍ប្រទេសទាំងពីរ កាលពីចុងខែតុលាកន្លងទៅ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដកចេញប៉ុស្តិ៍ព្រំដែនចំនួន ១០ នៅតាមព្រំដែនប្រទេសទាំងសងខាង។

ដោយទ្បែកទីភ្នាក់ងារព័ត៌មានយ៉ុនហាប បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ពួកយោធា កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍ឆ្មាំព្រំដែនចំនួន ២០ នៅតំបន់គ្មានយោធា ដែលបែងចែកឧបទ្វីបកូរ៉េ បន្ទាប់ពីការដកកងទ័ព និងសម្ភារ:យោធារបស់ពួកគេ។

ប្រភពដដែល បានបន្ថែមថា កូរ៉េខាងត្បូងមានប៉ុស្តិ៍ប្រហែល ៦០ តាមបណ្ដោយព្រំដែន ខណ:ដែលកូរ៉េខាងជើង មានប្រហែល ១៦០ប៉ុស្តិ៍ឯណ្ណោះ៕

មតិយោបល់