ព័ត៌មានអន្តរជាតិ

កងយោធាថ្មីបន្ថែមទៀត មកដល់ប្រទេសយេម៉ែន ដើម្បីបន្តការប្រយុទ្ធគ្នា

យេម៉ែន: កងទ័ពជំនួយគាំទ្ររដ្ឋាភិបាលដ៏ធំ បានមកដល់ទីក្រុង Hodeidah នៅថ្ងៃពុធនេះ ដើម្បីចូលរួមសម្រាប់ប្រតិបត្តិការយោធា ក្នុងគោលបំណងវាយដណ្ដើមយកទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ពីពួកឧទ្ទាម Houthi វិញ បើទោះបីមានសម្ពាធពីអន្តរជាតិ ដើម្បីឲ្យបញ្ឈប់ការបាញ់ប្រហារគ្នាក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២១០១៨។

មេបញ្ជាការកងទ័ព ដែលស្មោះត្រង់នឹងរដ្ឋាភិបាល ហើយត្រូវបានគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «ការប្រយុទ្ធគ្នា ទើបតែបានបញ្ឈប់រយ:ពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយការត្រៀមវាយប្រហារថ្មី ដើម្បីដណ្ដើមយកតំបន់ Hodeidah ដែលនៅសេសសល់ពីគ្រប់គ្រងរបស់ពួកឧទ្ទាម Houthis នឹងចាប់ផ្ដើមឆាប់ៗ» ។

ក្រុមកងទ័ពដែលបានទទួលការហ្វឹកហ្វឺនថ្មី បានមកដល់ទីក្រុង Hodeidah ហើយ ដែលពួកគេនឹងចូលរួមការវាយប្រហារ ប្រឆាំងនឹងពួកឧទ្ទាមចុងក្រោយ ដើម្បីរំដោះទីក្រុងកំពង់ផែ។

ដោយលោកមេបញ្ជាការ បានបញ្ជាក់បន្ថែមថា ការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ ជាមួយពួកឧទ្ទាម Houthis នឹងបន្តនៅទីក្រុង Hodeidah ហើយទំនងជាមិនបញ្ឈប់បាននោះទេ ព្រោះវាបានឈានដល់ ចំណុចមិនអាចវិលត្រឡប់ថយក្រោយទ្បើយ៕

មតិយោបល់