ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា ជាមួយការវាយប្រហារដែនអាកាស នៅតែបន្តក្នុងប្រទេសយេម៉ែន

យេម៉ែន: ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយលុកទីតាំងដែលកាន់កាប់ដោយពួកឧទ្ទាម Houthis នៅក្នុងទីក្រុង Hodeidah នៃប្រទេសយេម៉ែន កាលពីថ្ងៃច័ន្ទ ខណ:ដែលការប៉ះទង្គិចគ្នា នៅតែបន្តនៅជាយក្រុង។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានអនុវត្តការវាយប្រហារតាមអាកាសជាង ១០ ដង ដែលវាជាការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា រវាងក្រុមឧទ្ទាម Houthi និងកងកម្លាំងដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយត្រូវបានគេឮនៅឯជាយក្រុង Hodeidah ចម្ងាយ ៤ គីឡូម៉ែត្រពីកំពង់ផែរបស់ប្រទេសយ៉េមែន។

ក្រុមឧទ្ទាម Houthi បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេត្រៀមប្រកាសអំពីបទឈប់បាញ់គ្នា ជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិនៅក្នុងប្រទេស។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Robert Manning បានប្រាប់អ្នកយកព័ត៌មានថា ក្រុងវ៉ាស៊ីនតោន គាំទ្រការចរចាឈប់បាញ់ និងសន្តិភាព នៅក្នុងប្រទេសយេម៉ែន ហើយបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Martin Griffith ដែលជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីនាំយកជម្លោះទាំងអស់ទៅកាន់តុចរចា៕

មតិយោបល់