Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ព្រមា...

អាមេរិក ព្រមានថា វិធានការក្រៅច្បាប់របស់រុស្ស៊ី នៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង

UN: រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃច័ន្ទបានព្រមានរុស្ស៊ីថា សកម្មភាពក្រៅច្បាប់ ជាក់ស្ដែងដូចជាការរឹបអូសយកនាវាអ៊ុយក្រែន នៅសមុទ្រ Azov កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង សម្រាប់ការអភិវឌ្ឍ រវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley បានថ្លែងប្រាប់នៅកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «អាមេរិក អាចនៅតែស្វាគមន៍ និងមានទំនាក់ទំនងដូចធម្មតា ជាមួយរុស្ស៊ី ប៉ុន្តែបើសកម្មភាពក្រៅច្បាប់បែបនេះ នៅតែបន្តកើតទ្បើងនោះ នឹងធ្វើឲ្យរឿងមួយនេះ មិនអាចទៅរួចទ្បើយ»។

ភាពតានតឹង បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទ័ពនាវាជើងទឹករុស្ស៊ី បានបាញ់ប្រហារ និងរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿង នៅឆ្នេរសមុទ្រតំបន់ Crimea ដោយចោទប្រកាន់អ៊ុយក្រែនថា បានចូលមកកាន់ដែនទឹកខ្លួនដោយខុសច្បាប់ ។

ការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ នៅឯសមុទ្រ បានបង្កើនការភ័យខ្លាច ចំពោះការផ្ទុះអាវុធកាន់តែធំទ្បើងផងដែរ នៅតំបន់ដែលកំពុងមានជម្លោះ។

ដោយលោកស្រី Haley បានស្តីបន្ទោសយ៉ាងខ្លាំងក្លាទៅលើរុស្ស៊ី ចំពោះការប៉ះទង្គិចគ្នានេះ ដោយហៅការរឹបអូសនាវាទាំងនោះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់អ៊ុយក្រែន និងបានរិះគន់សកម្មភាពបង្កហេតុរបស់រុស្ស៊ីផងដែរ៕

Loading...