ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ព្រមានពីការគំរាមកំហែងនៃ សង្គ្រាមទ្រង់ទ្រាយធំ ជាមួយរុស្ស៊ី

អ៊ុយក្រែន: ប្រធានាធិបតីអ៊ុយក្រែនលោក ពេត្រូ ប៉ូរ៉ូឆិនកូ កាលពីថ្ងៃអង្គារ បានព្រមានពីការគំរាមកំហែង នៃសង្គ្រាមទ្រង់ទ្រាយធំជាមួយទីក្រុងម៉ូស្គូ ដោយលោកនិយាយថា រុស្ស៊ីបានបង្កើនវត្តមានយោធារបស់ខ្លួនលើព្រំដែនរួមរបស់ពួកគេ ខណ:ដែលភាពតានតឹង កំពុងកើនឡើងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

វិបត្តិនេះ ក៏បានបង្កើនការគំរាមកំហែងដល់ផ្នែកការទូត ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ បន្ទាប់ពីលោកបានព្រមានថា អាមេរិក អាចនឹងលុបចោលកិច្ចប្រជុំកំពូលមួយ ដែលគេកំពុងទន្ទឹងរង់ចាំជាយូរមកហើយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ដោយលោក ត្រាំ ត្រូវបានគេដឹងថា គ្រោងនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូល G20 នៅរដ្ឋធានី Buenos Aires នាចុងសប្តាហ៍នេះ ប៉ុន្តែលោក បានប្រាប់កាសែត Washington Post ថា កិច្ចប្រជុំនេះ អាចកើតទ្បើង ឬយ៉ាងណានោះ ទំនងជាត្រូវផ្អែកលើលទ្ធផល នៃរបាយការណ៍ឧបទ្ទវហេតុ រវាងរុស្ស៊ី និងអ៊ុយក្រែននាពេលថ្មីៗ ដែលកំពុងរៀបរៀងដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក។

ក្នុងនោះលោក បាននិយាយថា ទំនងជាវានឹងមិនកើតទ្បើងទ្បើយ ហើយក៏ប្រហែលជាលោក នឹងមិនមានជំនួបនៅក្នុងកិច្ចប្រជុំនោះទេ។

ដោយទ្បែកលោក ប៉ូរ៉ូឆិនកូ បានព្រមានថា ការប៉ះទង្គិចគ្នានៅសមុទ្រ អាចនឹងធ្វើឲ្យមានការកើនទ្បើងថែមទៀត នៅក្នុងការតស៊ូផ្នែកយោធារវាងអ៊ុយក្រែន និងរុស្ស៊ី។

ដោយលោកប្រធានាធិបតី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ជាតិថា លោកមិនចង់ឲ្យនរណាម្នាក់គិតថា នេះជារឿងកំប្លែង និងល្បែងនោះទេ។ អ៊ុយក្រែន កំពុងស្ថិតក្រោមការគំរាមកំហែង នៃសង្គ្រាមពេញទំហឹង ជាមួយប្រទេសរុស្ស៊ី៕

មតិយោបល់