ព័ត៌មានអន្តរជាតិ

ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី៖ លោក ត្រាំ ទំនងជានឹងលុបចោលកិច្ចចរចានៅឯ G20 ជាមួយលោក ពូទីន

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងលុបចោលជំនួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមសមុទ្រ រវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានប្រាប់កាសែត Washinton Post ថា លោកកំពុងរង់ចាំ របាយការណ៍ពេញលេញ ទាក់ទងនឹងឧបទ្ទវហេតុនាពេលថ្មីៗ ដែលកំពុងរៀបរៀង ដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក បន្ទាប់ពីនាវារុស្ស៊ី បានបាញ់ប្រហារ និងរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿង កាលពីថ្ងៃអាទិត្យ។

មេដឹកនាំទាំងពីរ ត្រូវបានគេដឹងថា នឹងជួបពិភាក្សាគ្នា នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Buenos Aires នាចុងសប្តាហ៍នេះ។

ទន្ទឹមនឹងនេះ អាមេរិក ក៏បានទទូចដល់បណ្ដារដ្ឋនៅអ៊ឺរ៉ុប ឲ្យធ្វើអ្វីបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែនផងដែរ។

ក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឃើញការដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លា ប្រឆាំងនឹងប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងបញ្ហានេះ៕

មតិយោបល់