ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមាន និងទុកពេលឲ្យរុស្ស៊ី ៦០ ថ្ងៃ ដើម្បីអនុវត្តតាមសន្ធិសញ្ញានុយក្លេអ៊ែរ

រុស្ស៊ី: រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារបានព្រមានរុស្ស៊ីថា នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្គ្រាមត្រជាក់ ដែលបានកំណត់ព្រំដែនអាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងម៉ូស្គូ មិនព្រមរុះរើប្រព័ន្ធមីស៊ីលថ្មីរបស់ពួកគេចេញ ក្នុងរយ:ពេល ៦០ ថ្ងៃនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងមិនស្ថិតក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ ១៩៨៧ ទ្បើយ លុះត្រាតែទីក្រុងម៉ូស្គូ ព្រមរុះរើនូវចេញប្រព័ន្ធអាវុធ ដែលបានបង្កឲ្យមានការគំរាមកំហែង ចំពោះការប្រកួតប្រជែងសព្វាវុធ។

ពាក់ព័ន្ធនឹងបញ្ហានេះ ណាតូ បាននិយាយថា ឥឡូវនេះ វាស្ថិតនៅលើរុស្ស៊ីប៉ុណ្ណោះ ថាតើពួកគេចង់បន្តរក្សាកិច្ចព្រមព្រៀង ដែលជាផ្នែកសំខាន់មួយ សម្រាប់គ្រប់គ្រងអាវុធសកល ឬយ៉ាងណា។

ខណ:លោក Pompeo បានថ្លែងបន្ទាប់ពីកិច្ចចរចា ជាមួយរដ្ឋមន្ត្រីការបរទេសអង្គការណាតូថា៖ «រុស្ស៊ី បានការរំលោភលើសន្ធិសញ្ញាខាងលើ ហើយអាមេរិក នឹងផ្អាកកាតព្វកិច្ចរបស់ខ្លួន ដើម្បីជាមធ្យោបាយដោះស្រាយមួយ ក្នុងរយ:ពេល ៦០ ថ្ងៃ បើសិនជារុស្ស៊ី មិនអនុលោមតាមវាពេញលេញ និងអាចផ្ទៀងផ្ទាត់បាននោះ»។

ក្នុងនោះលោក បានបន្ថែមថា សកម្មភាពរបស់រុស្ស៊ី បានធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ និងសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូរបស់អាមេរិក។ ហេតុដូចនេះ វាក៏គ្មានន័យទ្បើយ សម្រាប់អាមេរិក ក្នុងការរក្សាសន្ធិសញ្ញា ដែលរារាំងសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតបចំពោះការរំលោភរបស់រុស្ស៊ីនោះ៕

មតិយោបល់