ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចំអកឲ្យលោក ម៉ាក្រុង ម្តងទៀត ជុំវិញការតវ៉ាប្រឆាំងលើពន្ធប្រេងនៅបារាំង

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តវាយប្រហារភាគីបារាំង នៅលើបណ្តាញសង្គម Twitter ថា ប្រធានាធិបតីលោក អេម៉ាណុយអែល ម៉ាក្រុង បានជំរុញឲ្យមានការតវ៉ា ដោយហិង្សាប្រឆាំងនឹងការដំទ្បើងពន្ធប្រេងឥន្ធន: ក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងសកលស្តីពីបញ្ហាបរិស្ថាន ដែលបានព្រាងទុកនៅទីក្រុងប៉ារីស កាលពីចុងឆ្នាំ ២០១៥ ថា៖ «កិច្ចព្រមព្រៀងនោះ បង្កគុណវិបត្តិយ៉ាងខ្លាំង ដោយសារវាបានបង្កើនតម្លៃថាមពល ដល់បណ្តាប្រទេសដែលត្រូវទទួលខុសត្រូវ ខណ:កំពុងធ្វើការលុបបំបាត់ការបំពុលបរិស្ថានដ៏អាក្រក់មួយចំនួន នៅក្នុងប្រទេសរបស់ពួកគេ»។

សូមជំរាបថា នៅដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីបារាំលោក Edouard Philippe បានសម្រេចចិត្តផ្អាកផែនការដំទ្បើងពន្ធប្រេង រយ:ពេលយ៉ាងហោចណាស់ ៦ ខែ ដើម្បីឆ្លើយតបទៅនឹងការតវ៉ា ដោយហិង្សារយ:ពេលជាច្រើនសប្ដាហ៍កន្លងមកនេះ៕

មតិយោបល់