Post News Media ព័ត៌មានអន្តរជាតិ លោក ពូទីន គំរ...

លោក ពូទីន គំរាមបង្កើតមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ទោះបីត្រូវបានហាមឃាត់ ដោយសន្ធិសញ្ញាអាមេរិក-រុស្ស៊ីក៏ដោយ

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ បានគំរាមបង្កើតមីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញា ជាមួយអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានកំណត់រយ:ពេលឲ្យទីក្រុងម៉ូស្គូ អនុវត្តតាមកិច្ចព្រមព្រៀង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

ភាពតានតឹងចុងក្រោយបំផុតរវាងប្រទេសទាំងពីរ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់ ដែលកំណត់ព្រំដែនអាវុធនុយក្លេអ៊ែរ ក្នុងរយ:ពេល ៦០ ថ្ងៃ ប្រសិនបើរុស្ស៊ី មិនបានរុះរើនូវប្រព័ន្ធអាវុធមីស៊ីល ដែលអាមេរិក អះអាងថា បានរំលោភកិច្ចព្រមព្រៀងខាងលើ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពូទីន បានធ្វើការច្រានចោលនូវសេចក្តីថ្លែងការណ៍របស់លោក Pompeo ផងដែរ ចំពោះការលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន បានសម្រេចរួចជាស្រេច ដើម្បីបោះបង់ចោលសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ។

ខណ:ប្រមុខមេដឹកនាំវិមានក្រឹមឡាំងរូបនេះ បាននិយាយថា ពួកគេ (អាមេរិក) គិតថា យើង (រុស្ស៊ី) នឹងមិនបានដឹង ឬកត់សម្គាល់នូវទង្វើរបស់ពួកគេទ្បើយ ដោយលោកអះអាងថា មន្ទីរបញ្ចកោណ បានកំណត់ចំនួនទឹកប្រាក់ សម្រាប់ការអភិវឌ្ឍអាវុធមីស៊ីល ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា រុស្ស៊ីនឹងប្រឆាំងដាច់ខាត ចំពោះការបំផ្លាញសន្ធិសញ្ញានេះ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងមែននោះ ក្រុងម៉ូស្គូក៏នឹងប្រតិកម្មតាមផងដែរ៕

Loading...