Post News Media ព័ត៌មានអន្តរជាតិ កាណាដា៖ រដ្ឋខ...

កាណាដា៖ រដ្ឋខ្លួនមានឯករាជ្យ ក្នុងការចាប់ខ្លួនប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ខណ:ទីផ្សារក្រុមហ៊ុន កំពុងមានភាពរង្គោះរង្គើ

កាណាដា: កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលកាណាដា បានប្រកាសប្រទេសខ្លួន មានប្រព័ន្ធតុលាការឯករាជ្យ ដើម្បីចាប់ខ្លួនប្រធានគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ស្របពេលមានសំណើស្ដីពីការធ្វើបត្យាប័នរបស់អាមេរិក ចំពេលទីផ្សារក្រុមហ៊ុន Huawei បានរង្គោះរង្គើនាពេលថ្មីៗ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

ខណ:ដែលប្រទេសចិន ទាមទារឲ្យដោះលែងមន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​​របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ក្រុមមន្ត្រីពួកគេ បានធ្វើការចាប់ខ្លួនលោកស្រីដោយផ្ទាល់ កាលពីថ្ងៃសៅរ៍ ចំពេលលោកស្រី កំពុងផ្លាស់ប្តូរជើងយន្តហោះ នៅទីក្រុង Vancouver ។

ដោយលោក Trudeau បានប្រាប់សន្និសីទព័ត៌មានបច្ចេកវិទ្យាមួយ នៅទីក្រុង Montreal ថា «ខ្ញុំអាចធានាដល់គ្រប់គ្នាថា យើងជាប្រទេសមួយ មានប្រព័ន្ធតុលាការឯករាជ្យ។ ហើយក្រុមមន្ត្រីរបស់យើង បានធ្វើការសម្រេចចិត្តនេះ ដោយគ្មានការចូលរួមពាក់ព័ន្ធនយោបាយ ឬការជ្រៀតជ្រែកណាមួយឡើយ»។

ការចាប់ខ្លួននេះ បានកើតឡើងនៅថ្ងៃដដែល ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងភាគីចិនលោក ស៊ី ជីនភីង បានជួបប្រជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលមួយ ដែលបានរង់ចាំជាយូរមកហើយ នៅក្នុងទីក្រុងប៊ុយណូស៊ែរ ដោយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការបន្ធូរបន្ថយពន្ធលើពាណិជ្ជកម្ម។

សូមជំរាបថា ទីផ្សារក្រុមហ៊ុន Huawei មានភាពវឹកវរ ដោយសារព័ត៌មានទាក់ទងអំពីការចាប់ខ្លួនលោកស្រី Meng៕

Loading...