ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ត្រៀមធ្វើកិច្ចចរចា ចែករំលែកការចំណាយ សម្រាប់យោធាអាមេរិក នៅកូរ៉េ

កូរ៉េ: ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសខ្លួន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាលើកទី ១០ នាសប្តាហ៍ក្រោយ ស្តីពីរបៀបចែករំលែកការចំណាយ សម្រាប់កងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចចរចារនេះ មានរយ:ពេលបីថ្ងៃចាប់ពីថ្ងៃទី ១១ខែធ្នូខាងមុខតទៅ នៅទីក្រុងសេអ៊ូល ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីការចែករំលែកការចំណាយ ទៅលើយោធាអាមេរិក នៅកូរ៉េ (USFK)។

ទាហានអាមេរិកប្រហែល ២៨,៥០០ នាក់ ត្រូវបានឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីសម័យបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ក្រោមកិច្ចព្រមព្រៀងមួយ ស្ដីពីបទឈប់បាញ់គ្នា។

សូមជំរាបថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជុំវិញការចែករំលែកការចំណាយ គឺមានរយ:ពេល ៥ ឆ្នាំ ដែលវានឹងត្រូវអស់សុពលភាព នៅថ្ងៃទី៣១ ខែធ្នូឆ្នាំនេះ។ ក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ន កូរ៉េខាងត្បូង បានចូលរួមវិភាគទានប្រហែល ៩៦០ ពាន់លានវ៉ុន ស្មើនឹង ៨៦០ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីជួយដល់កងកម្លាំងអាមេរិក ដែលឈរជើងនៅក្នុងប្រទេសខ្លួន៕

មតិយោបល់