ព័ត៌មានអន្តរជាតិ

ក្ដៅគគុក! សិង្ហបុរី ព្រមាននាវាម៉ាឡេស៊ី ឲ្យចាកចេញពីដែនទឹកខ្លួន

សិង្ហបុរី: រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានព្រមានថា នាវាម៉ាឡេស៊ី ដែលចូលមក ក្នុងដែនទឹកសិង្ហបុរី ត្រូវតែចាកចេញភ្លាម ដោយការលើកទ្បើងរបស់លោក ធ្វើទ្បើងជាសាធារណ:លើកដំបូង ទាក់ទងនឹងបញ្ហាដែនសមុទ្រ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រ លោក Ng បាននិយាយថា សិង្ហបុរីស្នេហាសន្តិភាព ប៉ុន្តែប្រទេសលោក ក៏មានការប្រុងជើងការខ្ពស់ផងដែរ ចំពោះការរំលោភបំពានលើទឹកដីខ្លួន។

ដោយលោកបានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា The SAF Stands Ready មានន័យជាភាសារខ្មែរថា កងកម្លាំងប្រដាប់អាវុធសិង្ហបុរី ត្រៀមខ្លួនរួចជាស្រេច ដែលវាបានបង្ហាញពីករណីនាវាម៉ាឡេស៊ី ចូលមកក្នុងដែនទឹកសិង្ហបុរី ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃ បន្ទាប់ពីសិង្ហបុរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពង្រីកដែនកំណត់របស់ខ្លួន នៅតំបន់ Tuas បន្ទាប់ពីមានសកម្មភាពបង្កហេតុនាពេលថ្មីៗ ហើយថា ពួកគេនឹងមិនស្ទាក់ស្ទើរទេ ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពានរបស់នាវារដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលនៅក្នុងដែនទឹករបស់ខ្លួន៕

មតិយោបល់