ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ដោយសារការ បំផ្ទុះគ្រាប់បែក នៅទីក្រុងរបស់ប៉ាគីស្ថាន កើនដល់ ៧២នាក់

(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង ឡាហ័រ ភាគខាងកើតប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៧២នាក់ហើយ ព្រមទាំងមនុស្ស ៣១៥នាក់ទៀត បានរងរបួស ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
លោក Zaeem Qadri អ្នកនាំពាក្យនៃមន្ទីររដ្ឋបាលក្នុងខេត្តផាន់ចាប់ បាននិយាយថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់មាន ២៩នាក់គឺជាកុមារតូចៗ និង កុមារសរុបជាង ៥០នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ អំឡុងពេលដែលមនុស្សម្នាក៏ច្រើនកកកុញ បានចូលពិធីបុណ្យនៃ សាសនាគ្រិស្តដ៏ធំមួយក្នុងទីក្រុងនៃខេត្តផាន់ចាប់ ខាងលើនេះ ហើយក៏មានជនមិនស្គាល់មុខមួយរូប បានសម្រុកចូលទៅបំផ្ទុះខ្លួនឯងនាពេលល្ងាចថ្ងៃអាទិត្យនោះតែម្តង។
អតីតក្រុមតាលីបង់ ដែលបានទៅចូលដៃជាមួយក្រុម ISIS បានប្រកាសកាលពីថ្ងៃមិញនេះ ដោយទទួល ខុសត្រូវចំពោះការវាយប្រហារ៕

   
 

មតិយោបល់