ព័ត៌មានសិល្បៈ និងកម្សាន្ត

រាជ បូរី រកបានអ្នកជំនួស

ខណ:ដែលមានការលើកឡើងជាច្រើនថា ខ្សែរឿងស្ដីពីជីវិតពិតរបស់លោករាជ បូរី នឹងពិបាកស្វែងរកតួអង្គមកសម្ដែងឲ្យត្រូវនោះ ពេលនេះមានការបង្ហើបថា តួសម្ដែងដែលអាចតំណាងឲ្យអតីតតារាចម្រៀង ដែលបានចែកឋានរូបនេះ គឺរកបានហើយ។ ផលិតករបានចាត់ទុកថាតារាថ្មី ដែលត្រូវជម្រើសយកនោះ នឹងជំនួសលោករាជ បូរី បានទាំងអត្តចរិត និងឫកពារ ដោយក្រោយការសម្ដែងក៏នឹង ជួយឲ្យតារាម្នាក់នោះ មានឈ្មោះបោះសំឡេងខ្លាំងនោះផង។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសិក ដែលជាអ្នកដំឡើងភាពយន្តស្ដីពីជីវិតពិតរបស់លោក រាជ បូរី បានអះអាងថា ក្រោយជ្រើសរើសបានតារាប្រុស៦រូប ឲ្យមហាជនបោះឆ្នោតជាសាធារណ: លោកបានអះអាងថា រកឃើញអ្នកតំណាង ឲ្យលោករាជ បូរី បានហើយ។ យ៉ាងណាមិញ លោកតារាតារាដែលមានសំឡេងឆ្នោតខ្ពស់ជាងគេ ត្រូវឆ្លងផុតការហ្វឹកហាត់ពីចរិត និងកាយវិការដោយដូចនឹងលោករាជ បូរី មុនពេលចេញសម្ដែងថែមទៀត ទើបលោកសុំសិទ្ធិមិនទាន់ទម្លាយមុខមាត់ និងអត្តសញ្ញាណនៅឡើយ។ លោកនិយាយថា«ឥលូវហ្នឹងខ្ញុំរកឃើញតារា ដែលសមនឹងសម្ដែងជាតួរាជ បូរី ហើយ បន្ទាប់ពីយើងធ្វើការបោះឆ្នោតប៉ុន្មានថ្ងៃហ្នឹង! តារាដែលយើងយកមកសម្ដែងជាតួឯក មិនមែនគ្រាន់តែមានសមត្ថភាពប៉ុណ្ណោះទេ គឺត្រូវមានការគាំទ្រពីសំណាក់មហាជនថែមទៀត ទើបយើងកំណត់ដោយការបោះឆ្នោត សម្រាប់ម្នាក់ហ្នឹង!»។ លោកថាបើតារាដែលមានសំឡេងគាំទ្រខ្ពស់ជាងបរាជ័យ ក្នុងការសម្ដែងត្រាប់លោក រាជ បូរី នោះបេក្ខភាពទី២នឹងទទួលឱកាសនោះ អ៊ីចឹងហើយទើបលោកស៊ីសិទ្ធិមិនទាន់បង្ហាញ។ លោកថានេះជាភាពយន្តនិយាយពីជីវិតមុនក្រឡាប់រថយន្ត និងក្រោយមរណភាពរបស់លោករាជ បូរី ដោយលោកនឹងក្រុងពាលី នៅដើមខែមករា ក្នុងឆ្នាំ២០១៧ ក្នុងពេលដែលភាពយន្តមួយរឿងនេះ គឺលោកនឹងប្រមូលផ្ដុំតារាល្បីៗចាស់ក្មេង ក្នុងពិភពសិល្ប:ច្រើនកុះករឲ្យសម្ដែងរួមគ្នា។

លោក ហួរ សុផល បញ្ជាក់ថាក្ដីបារម្ភពាក់ព័ន្ធនឹងរឿងរកតួមកត្រាប់ជំនួសចរិតលោករាជ បូរី ត្រូវបានបញ្ចប់ហើយ ខណ:ដែលតារាទាំង៦ ដែលស្ថិតក្នុងការបោះឆ្នោត ក៏សុទ្ធតែលោកយល់ថាមានសមត្ថភាព និងត្រេមុខល្អសម្រាប់ការសម្ដែងជាតួ រាជ បូរី។ ខ្សែភាពយន្តស្ដីពីជីវិតពិតរបស់លោករាជ បូរី លោកប្រកាសចេញថតនៅដើមខែមករា និងគ្រោងរួចរាល់មិនហួសពីពាក់កណ្ដាលឆ្នាំ២០១៧។ លោករំពឹងយ៉ាងខ្លាំងថាខ្សែរឿងនេះ នឹងកន្ទ្រាក់ការចាប់អារម្មណ៍ ដើម្បីរំលឹកដល់ស្នាដៃរបស់លោករាជ បូរី មុនពេលក្រឡាប់រថយន្តស្លាប់ ៕

មតិយោបល់