Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សុខ ជំនោរ ប្រ...

សុខ ជំនោរ ប្រតិកម្មចម្លើយសារភាពរបស់អ្នកបង្ហោះរូបស្រាតប្អូនស្រី

មិនទាន់ដឹងថាលោកកុយ សិទ្ធិស័ក្ដ ដែលរងបណ្ដឹងពីតារាចម្រៀង វ៉ានីឡា បានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាំងពីពេលណានោះទេ ក្រោយពីគេចមិនចូលបំភ្លឺរហូតដល់មានប្រតិកម្មពីសំណាក់គ្រួសាររបស់អ្នកដើមចោទជាចំហ។ ប៉ុន្តែយោងតាមការប្រកាសរបស់លោកសុខ ជំនោ គឺកូនមន្ត្រីធំម្នាក់នោះ បានចូលឆ្លើយបំភ្លឺហើយដោយលោកឆ្លើយប្រាប់តុលាការនូវចម្លើយមួយចំនួនដែលគ្រួសារដើមចោទប្រកាសថាមិនអាចទទួលយកបាន។

លោកសុខ ជំនោរ បានសរសេរនៅលើហ្វេសប៊ុកមុននេះថា លោកកុយ សិទ្ធិស័ក្ត បានអះអាងប្រាប់តុលាការថាខ្លួនមិនបានប្រើអំពើហិង្សា មិនបានចែកចាយរូបថតអាក្រាតរបស់ប្អូនស្រីលោក និងមិនបានគំរាមណាមួយដូចអ្វីដែលបានចោទប្រកាន់។ លោកចាត់ទុកថានេះជាចម្លើយសារភាពដែលគ្មានការពិត និងដើម្បីគេចវេសពីដាក់ទោសដោយច្បាប់ ខណ:ដែលលោក និងប្អូនស្រីប្រកាសថាមានភស្ដុតាងដូចក្នុងបណ្ដឹង។ លោកបានប្រកាសថាខ្លួននឹងចាំមើលចំណាត់ការតុលាការ ថាតើនឹងបន្តវិធានាការយ៉ាងណាទៀតក្រោយពីទទួលបានចម្លើយសារភាពដែលលោកចោទថាមិនមានការពិតពីលោកកុយ សិទ្ធិស័ក្ត។ លោកសុខ ជំនោរ នៅតែបន្តរិះគន់លើប្រព័ន្ធផ្លូវច្បាប់នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្លួន បន្ទាប់ពីគ្មានលទ្ធផលអស់រយ:ពេលច្រើនខែនៅលើហ្វេសប៊ុក។

លោកថាបានសរសេរត្រាប់តាមភាសាគំរាមរបស់ចុងចោទបង្ហោះដដែលជាដដែល ដើម្បីបង្ហាញថាលោកកុយ សិទ្ធិស័ក្តពិតជាបានគំរាមចំពោះប្អូនស្រីលោកប្រាកដផ្ទុយពីចម្លើយសារភាព បន្ទាប់ពីដឹងថានាងដាក់បណ្ដឹងហើយប្រកាន់ជំហរមិនសម្រុះសម្រួល។ លោកថាខ្លួននឹងបន្តវាយប្រហារលើចំណាត់ការផ្លូវច្បាប់របស់តុលាការរហូតជំរុញឲ្យរឿងក្ដីរបស់គ្រួសារលោកចាត់ការលើបុគ្គលចុងចោទ ដើម្បីទទួលបាននូវយុត្តធម៌។ ជាមួយគ្នានោះ លោកក៏ហាក់មិនខ្លាចពីការប៉ះពាល់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីការរិះគន់ធ្ងន់ៗលើមន្ត្រីតុលាការចំ រិះគន់លើប្រព័ន្ធច្បាប់របស់តុលាការខ្មែរ និងរិះគន់លើបុគ្គលលោក កុយ សិទ្ធិស័ក្ដ ដែលត្រូវគេឃើញថាមានការប៉ះពាល់ដល់មុខមាត់របស់ឪពុកលោកកុយ សិទ្ធស័ក ដែលជាមន្ត្រីធំក្នុងក្រសួងមហាផ្ទៃនោះផងដែរ៕

Loading...