ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូរ៉ាម៉ម-ឱក សុគន្ធកញ្ញា តម្លៃខ្លួនប្រដេញគ្នា

យោងតាមការបញ្ជាក់ចុងក្រោយពីក្រុមអ្នករៀបចម្ការប្រគំតន្រ្តីធំៗនៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមតារាចម្រៀងស្រីល្បីឈ្មោះនាពេលបច្ចុប្បន្ន គឺមានតែឡូរ៉ាម៉ម និងឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ដែលមានតម្លៃខ្លួនប្រដេញគ្នា។ កម្មវិធីខ្លះតម្លៃខ្លួនរបស់ឡូរ៉ាម៉ម ទារបានច្រើនជាង ឱក សុគន្ធកញ្ញា នោះផង ជាពិសេសសម្រាប់ការប្រគំតន្ត្រីដែលមានការតម្រូវពីម្ចាស់កម្មវិធី។

លោកភូ ពៅ អ្នកចាត់ការទូទៅប្រចាំក្រុមហ៊ុន Clip Media ដែលជាក្រុមហ៊ុនរៀបចំតន្ត្រីខេត្តក្រុងធំៗ បានអះអាងថា តារាចម្រៀង មាស សុខសោភា និងពេជ្រ សោភា បើទោះជាមានបទ ផ្ទះលប់លើតារាចម្រៀងនាង ឱក សុគន្ធកញ្ញា ប៉ុន្តែតម្លៃខ្លួនរបស់តារាស្រីទាំងពីរមិនទាន់តាមស្មើនឹង ឱក សុគន្ធកញ្ញា នៅឡើយ។ លោកថាតម្លៃខ្លួនរបស់មាស សុខសោភា ពេជ្រ សោភា និងសុគន្ធ និសា ជាដើមនៅត្រឹមតែជាង១ពាន់ដុល្លារប៉ុណ្ណោះ ថ្វីដ្បិតតែពួកនាងទទួលបានការការឡើងថ្លៃបាន បន្តិច។

លោកថាតារាស្រី ឱក សុគន្ធកញ្ញា នៅតែរក្សាហាងឆេងខ្ពស់ជាង២២០០ និងទៅដល់២៥០០ដុល្លារសម្រាប់មួយកម្មវិធីដដែល ដោយ មាស សុខសោភា និងគូប្រកួតនៅតែត្រឹមតែក្រោម២ពាន់សម្រាប់ការឡើងច្រៀងមួយលើក។ តម្លៃខ្លួនរបស់ ឱក សុគន្ធកញ្ញា ដែលលោកចាត់ទុកថាមានកម្រិតនាំមុខគេនេះ ក៏មានតារាស្រីម្នាក់ទៀតកំណត់យកបានដូចគ្នាផងដែរ គឺតារាចម្រៀងមិនមានផលិតកម្មធំជ្រកនាង រ៉ូឡាម៉ម។ លោកថាកាលពីមុនតម្លៃខ្លួនរបស់នាងទារបានត្រឹមតែរង្វង់មួយពាន់ដុល្លារ ឬយ៉ាងច្រើនត្រឹមជាងពាន់ដុល្លារប៉ុណ្ណោះ។

ប៉ុន្តែក្នុងរយ:ពេលចុងក្រោយ តម្លៃមួយកម្មវិធីរបស់រ៉ូឡាម៉ម កើនដល់ចន្លោះ២២០០ទៅ២៥០០ដុល្លារដូចគ្នានឹងឱក សុគន្ធកញ្ញា ដែរ។ លោកថាតម្លៃខ្លួនរបស់ឱក សុគន្ធកញ្ញា ទោះជាខ្ពស់ជាងគូប្រជែង ប៉ុន្តែមួយនេះនឹងថ្កល់មិនឡើងនោះទេ ក្នុងពេលដែលឡូរ៉ាម៉ម តាមស្មើ ហើយពេលខ្លះគឺនាងទារបានដល់មួយកម្មវិធីជិត៣ពាន់ដុល្លារ។ សម្រាប់តារាចម្រៀងប្រុស លោកថាលោក ព្រាប សុវត្ថិ ទាបានមួយកម្មវិធីជាង៣០០០ដុល្លារ ប៉ុន្តែសម្រាប់តារាស្រីក្រៅពី ឱក សុគន្ធកញ្ញា មានតែឡូរ៉ាម៉ម ម្នាក់គត់ ដែលទារបានតម្លៃមួយកម្មវិធីជាង២ពាន់ដុល្លារ។

លោកនិយាយថា«រាល់ថ្ងៃមានតែឡូរ៉ាម៉មទេ ដែលទារបាន(ច្រៀង)ជាង២ពាន់ដុល្លារដូចឱក សុគន្ធកញ្ញា បើក្រៅពីហ្នឹងអស់ហើយ១៨០០(ដុល្លារ)អីទេ»។ មិនខុសគ្នាក្រុមអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៌ និងការប្រគំតន្ត្រីផ្សេងទៀត សុទ្ធតែបានយល់ស្របពីការលើកឡើងតម្លៃខ្លួនរបស់តារាទាំងពីរ។
ឱក សុគន្ធកញ្ញា មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែតារាចម្រៀងឡូរ៉ាម៉ម បានអះអាងថាតម្លៃមួយកម្មវិធីជាង២ពាន់ដុល្លារនេះ គឺនាងទារបានយូរហើយ។ យ៉ាងណាមិញ នាងអះអាងថាប្រាក់ចំណូលដែលខ្លួនទទួលបានក៏ត្រូវចំណាយលើក្រុមរាំ និងការផលិតបទមិនចម្លងអស់ទៅវិញច្រើនផងដែរ ដោយសារតែនាងមិនមានផលិតកម្មណាមួយចំណាយលុយផលិតបទចម្រៀងឲ្យ៕

មតិយោបល់