ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រឡូកសិល្បៈជិត១០ឆ្នាំ ណាខុន ទើបបានតំណែងជា Brand Ambassador

ជាលើកទី១ ដែលតារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះលោកណាខុន ត្រូវបានប្រកាសថាបានក្លាយជាតំណាងផលិតផលផ្ដាច់មុខ ឬហៅថា Brand Ambassador របស់ផលិតផលមួយដែលត្រូវគេស្គាល់ជាផលិតផលល្បីឈ្មោះរបស់ប្រទេសម៉ាឡេ និងមានការពេញនិយមលើប្រទេសចំនួន៦នៅតំបន់អាស៊ាន និងអូស្រ្តាលី។ យ៉ាងណាមិញ មានការបញ្ជាក់ថាតំណែងរបស់លោកមានរយ:ពេលត្រឹមតែ៦ខែប៉ុណ្ណោះ ជាមួយនឹងក្រុមហ៊ុនមួយនេះ។

លោកណាខុន បានថ្លែងក្នុងពិធីបើកសម្ពោធសាខាថ្មីរបស់ផលិតផលទឹកសណ្ដែក និងតៅហ៊ូយីហោ«Sunny Coco » នៅកែងផ្សារទំនើបទួលគោកTK ថា លោកត្រូវបានជ្រើសរើសឲ្យក្លាយជាតំណាងផលិតផលមួយនេះ កាលពីអំឡុងចុងឆ្នាំ២០១៦ ដោយនេះគឺជាឱកាសទី១ បន្ទាប់ពីលោកបានប្រឡូកសិល្ប:តាំងពីឆ្នាំ២០០៩ ហើយបានក្លាយជាតារាដែលជោគជ័យម្នាក់។ លោកថាខ្លួនធ្លាប់តែថតស្ពត និងដើរផ្សព្វផ្សាយផលិតផលតូចធំប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឱកាសធ្វើជាតំណាងផលិតផលផ្ដាច់មុខគឺមិនធ្លាប់នោះទេ មុនពេលផលិតផលទឹកសណ្ដែង និងតៅហ៊ូល្បីឈ្មោះរបស់ម៉ាឡេ Sunny Coco សម្រេចចិត្តកុងត្រាជ្រើសរើស។ លោកថាហេតុផលដែលលោកសម្រេចចិត្តធ្វើតំណាងផលិតផលមួយនេះរយ:ពេល៦ខែ គឺដោយសារតែយល់ឃើញថានេះជាផលិតផលនាំចូលមកពីប្រទេសម៉ាឡេស៊ី ហើយមានការដាក់លក់យ៉ាងពេញនិយមមកហើយនៅប្រទេសសិង្ហបុរី អូស្រ្តាលី និងប្រ៊ុយណេ ជាដើម។ លោកថាផលិតផលនេះ ជាផលិតផលសរីរាង្គមិនប្រើជាតិស្ករ មិនប្រើសារជាតិគីមី និងជំនួយយ៉ាងពិសេសដល់ស្បែកសម្រាប់អ្នកទទួលទានជាប្រចាំ។ លោកថាកុងត្រាដែលបានទទួលនេះ គឺលោកមិនអាចទៅចូលរួមនូវរាល់កម្មវិធីទាំងឡាយដែលមានផលិតផលស្រដៀងគ្នានេះទេ បូករួមទាំងការផ្សព្វផ្សាយ ឬថតស្ពតផង។ យ៉ាងណាមិញ លោកថាមកពី លោកទទួលតម្លៃផ្ដាច់មុខច្រើនដែរ ទើបសម្រេចចិត្តទទួលយកលក្ខណ្ឌនេះ បើទោះជាលោកបដិសេធមិនជម្រាបឲ្យដឹងពីតម្លៃខ្លួនពេញរយ:ពេល៦ខែ ដែលព្រមព្រៀងគ្នា។

កញ្ញា ងួន ច័ន្ទចរិយា ជាតំណាងក្រុមហ៊ុនបានអះអាងថាក្រុមហ៊ុន Sunny Coco បានចូលមកដល់កម្ពុជារយ:ពេលជិតមួយឆ្នាំមកហើយ ដោយមាន៥សាខា និងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ នាងថាហេតុផលជ្រើសរើសលោកណាខុនជាជំហានសាកល្បង៦ខែ គឺដោយសារតែលោកជាតារាដែលមានអ្នកគាំទ្រច្រើន និងស្រួលធ្វើការជាមួយ។ យ៉ាងណាមិញ កញ្ញាថាជំហានកុងត្រា៦ខែបន្តនឹងអាចកើតឡើង បើវត្តមានរបស់លោកណាខុនធ្វើឲ្យផលិតផលនេះកាន់តែពេញនិយម។

//www.youtube.com/watch?v=B0fsUBKepiQ

មតិយោបល់