ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាៗ ស្នើអោយអភិរក្ស ចង្វាក់ខ្មែរ និងសំលៀកបំពាក់ប្រពៃណីជាតិ

ខណ:ដែលបណ្ដាផលិតកម្មស្ទើរទាំងអស់ ផ្ដោតជាសំខាន់លើចង្វាក់បែកស្លុយ និងបំផុសជាទូទៅឲ្យយុវវ័យប្រើប្រាស់តែសំលៀកបំពាក់បែបយុវវ័យឆើតៗមិនឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរនោះ បណ្ដាផលិតករ និងតារាសិល្ប:មួយចំនួនបានទទូចកុំឲ្យមហាជនភ្លេចចង្វាក់ខ្មែរ និងសំលៀកបំពាក់បែបប្រពៃណីរបស់ខ្លួនសម្រាប់ឱកាសរាំរែកចូលឆ្នាំ។ ជាមួយគ្នានោះក៏ទទូចឲ្យបណ្ដាផលិតកម្មងាកទៅផលិតបទចម្រៀងបែបខ្មែរឲ្យបានច្រើនជាជំនួសវិញដែរ ដើម្បីកុំឲ្យយុវវ័យមានចិត្តភ្លើតភ្លើន។

ក្នុងឱកាសថតកម្មវិធីសម្រាប់ត្រៀមចាក់ផ្សាយនៅពិធីបុណ្យចូលឆ្នាំ លោកតាវ៉ិចទ័រ បានអះអាងថាលោកមានការព្រួយបារម្ភបន្ទាប់ពីបទចម្រៀងភាគច្រើន ហាក់បំផុសឲ្យយុវវ័យរាំរែក និងតុបតែងខ្លួនរៀបជាបែកស្លុយច្រើនជាងបទដែលមានលក្ខណ:ជាចង្វាក់ប្រពៃណី។ លោកថាយុវវ័យងាយនឹងទទួលចំហាយបទចម្រៀងទាំងនោះណាស់ ដោយសារតែក្រុយយុវវ័យចូលចិត្តអ្វីដែលថ្មី និងប្លែក។ លោកទទូចឲ្យក្រុមផលិតករ និងតារាចម្រៀង ងាកមកបំផុសឲ្យក្មេងជំនាន់ក្រោយចេះស្រឡាញ់ចង្វាក់ប្រពៃណីរបស់ខ្លួន និងចូលចិត្តសំលៀកបំពាក់បែបថ្លៃថ្នូររបស់ខ្លួនត្រលប់មកវិញ ដើម្បីបង្ហាញឲ្យឃើញពីអត្តសញ្ញាណរបស់ខ្មែរក្នុងក្រសែភ្នែកអន្តរជាតិនៅឱកាសចូលឆ្នាំ។ អ៊ីចឹងបានជាក្នុងកម្មវិធីផ្ទះលោកតា សម្រាប់ទុកចាក់ថ្ងៃបុណ្យចូលឆ្នាំរបស់លោក គឺលោកបានសហការជាមួយតារាៗយ៉ាងច្រើនកុះករមកពីគ្រួសារតារាកម្ពុជា ដើម្បីរៀបចំឲ្យរាំរែកនូវចង្វាក់ខ្មែរ និងបំផុសឲ្យមើលឃើញពីតម្លៃនៃសំលៀកបំពាក់បុរាណឡើងវិញ។

កញ្ញាតូច ស្រីពេជ្រ និយាយនាងនៅតែមើលឃើញពីតម្លៃរបស់សំលៀកបំពាក់បែបប្រពៃណីខ្មែរ និងថាតារាសិល្ប:គ្រប់រូបដែលបានក្អាកក្អាយនឹងការសម្ដែងក្នុងបទចម្រៀងបែកស្លុយ ហើយស្លៀកពាក់ប្រាស់ចាកពីសំលៀកបំពាក់ប្រពៃណីរបស់ខ្មែរគឺតម្រូវតាមការទាមទាររបស់ផលិតករប៉ុណ្ណោះ។

កញ្ញាមាស សម្ផស្ស ជាតារាសម្ដែងបញ្ជាក់ថាកញ្ញាពេញចិត្តសំលៀកបំពាក់ប្រពៃណីខ្មែរជាជាងសំលៀកបំពាក់ណាៗទាំងអស់សម្រាប់ឱកាសចូលឆ្នាំ បើទោះជាសំលៀកបំពាក់ទាំងនោះកាន់តែមានអ្នកចូលចិត្តប្រើតិចៗទៅក្នុងចំណោមយុវវ័យ។ កញ្ញាទទូចឲ្យក្រុមយុវវ័យរួមគ្នាប្រើប្រាស់ និងងាកមករាំចង្វាក់ខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យវប្បធម៌របស់ខ្មែរដែលបានប្រកាន់ភ្ជាប់ជាយូរលង់ណាស់មកហើយ ត្រូវវាយសន្ធាប់ដោយវប្បធម៌ពីបរទេស។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេឃើញតែមានបណ្ដាទូរទស្សន៍ប៉ុណ្ណោះ ដែលបានផលិតកម្មវិធីរាំរែកចង្វាក់ខ្មែរ និងបំផុសឲ្យស្លៀកពាក់បែបប្រពៃណីខ្មែរ តែគេកត់សម្គាល់ថាហាក់មិនត្រូវបានយុវវ័យចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារតែបណ្ដាផលិតកម្មធំៗប្រជែងគ្នាវាយសម្រុកដោយបទបែកស្លុយខ្លាំងពេកធ្វើឲ្យក្រុមយុវវ័យលែងសូវមើលឃើញពីតម្លៃបទចម្រៀងបែបប្រពៃណីខ្មែរនោះ។

តើសំលៀកបំពាក់ប្រពៃណីខ្មែរស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនា៖

មតិយោបល់