ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង សុខគា មានមួយបទគត់ឆ្នាំនេះ តែពិសេស

ខុសពីតារាចម្រៀងដែលមានបទផ្ទាល់ខ្លួនភាគច្រើន ដែលប្រឹងសម្រុកចេញបទកាន់តែច្រើនសម្រាប់អបអរចូលឆ្នាំ លោកដួង សុខគា ដែលជាតារាចម្រៀងមួយរូបដែរនោះបានអះអាងថាខ្លួនមានតែមួយបទគត់សម្រាប់ឱកាសចូលឆ្នាំឆ្នាំនេះ។ យ៉ាងណាមិញ លោកថាមួយបទនោះខ្លឹមខ្លាំង ដោយសារតែបទនោះជាស្នាដៃនិពន្ធផ្ទាល់ដៃ និងជាបទដែលមានខ្លឹមសារអភិរក្សសិល្ប: ដែលលោកប្រកាសថាមានតម្លៃ។

លោកសុខគា និយាយលោកមិនមានបទចម្រៀងផ្ទាល់ខ្លួនថ្មីៗនាពេលចុងក្រោយ មិនមែនដោយសារតែគ្មានផលិតកម្មទាក់ទងឲ្យច្រៀងនោះ ពោលគឺបណ្ដាលមកពីបណ្ដាផលិតកម្មមួយចំនួនផ្ដល់បទចម្រៀងឲ្យលោកតែបទដែលមានប៉ារ៉ូលចំអេសចំអាស និងមិនមានតម្លៃដែលលោកមិនចូលចិត្ត។ លោកថាខ្លួនមិនច្រៀងបទដែលមានខ្លឹមសារបែកស្លុយ ឬបទដែលមានចង្វាក់ញាក់ញ័រនោះទេ អ៊ីចឹងហើយទើបលោកសុខចិត្តមិនមានបទចម្រៀងចេញលក់ ដោយមិនខ្វល់រឿងបាត់ទីផ្សារបទចម្រៀង។ លោកសុខចិត្តចេញមួយបទក្នុងមួយឆ្នាំ ឬ២បីឆ្នាំមួយបទ តែសម្រាំងយកតែបទដែលលោកពេញចិត្ត និងជាបទដែលលោកយល់ថាមានតម្លៃជាវប្បធម៌។ លោកឧទាហរណ៍ថារយ:ពេលច្រើនឆ្នាំមកហើយ ដែលលោកចេញតែមួយបទគឺបទ«ខ្ចីលុយមិនសង» ដោយសារតែបទនោះគឺលោកនិពន្ធខ្លួនឯង។
ដោយឡែកសម្រាប់ឱកាសចូលឆ្នាំឆ្នាំ២០១៧ដែលខិតជិតមកដល់នេះ លោកថាក៏មានតែមួយបទដែរ ដោយបទនោះគឺច្រៀង២នាក់ អ្នកនាង ខាត់ សុឃីម ដោយសឹងមិនត្រូវរាប់ថាបានមួយបទនោះផង។ លោកថាបទនោះមានចំណងជើងថា«មករាំបទខ្ញុំ» ដោយលោកបានច្នៃចង្វាក់យីកេ និងបានបង្ហាញខ្លឹមសារឲ្យយុវវ័យចេះស្រឡាញ់ចង្វាក់បែបខ្មែរ។ លោកសម្រេចចិត្តចេញមួយបទនោះ គឺដោយសារតែអ្នកនាងខាត់ សុឃីម ស្នើឲ្យជួយ ហើយលោកក៏ទើបផលិតបានមួយបទនោះជាស្នាដៃរបស់ខ្លួនឯងផង។ លោកមិនខ្វល់រឿងបទនោះមានការគាំទ្រ ឬមិនគាំទ្រនោះទេ តែអ្វីដែលលោកសប្បាយចិត្ត គឺបទដែលលោកបានបកស្រាយនោះ មានខ្លឹមសារល្អ និងមានចង្វាក់ឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដែលមិនមែនជាបទបែកស្លុយ។ លោកថាខ្លួននឹងមិនចេញច្រើនបទក្នុងពេលបន្តបន្ទាប់នោះទេ បើទោះជាលោកបានងាកមកចាប់ដៃជាមួយអ្នកនាង ខាត់ សុឃីម សម្រាប់ការផលិតបទចម្រៀងដាក់បង្ហោះលើYoutube ដែលមានន័យថាផលិតបានកាន់តែច្រើនកាន់តែល្អនោះ។ លោកថាសុខចិត្តចេញបទចម្រៀងឲ្យតិច តែមិនសុខចិត្តចេញច្រើន ហើយខ្វះគុណភាពនោះទេ។

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់លោកសុខគា ពាក់ព័ន្ធនឹងមូលហេតុមានតែមួយបទសម្រាប់ចូលឆ្នាំឆ្នាំនេះ៖

//www.youtube.com/watch?v=ByI1NS59LEo&feature=youtu.be

មតិយោបល់