ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម លើកបទដែលក្រសួងប្រតិកម្ម មកច្រៀងជាថ្មី

គ្មានអ្នកណាមិនដឹងនោះទេ ថាបទ«ជីវិតអ្នកប្រដាល់» ជាបទដែលមានសាច់ភ្លេងតាមលំនាំបទ«ជ្រោះអូរយ៉ាដាវ»របស់អ្នកចម្រៀងរស់ សេរីសុទ្ធា ហើយត្រូវបានក្រសួងធំ២ផ្ទុះប្រតិកម្មដោយកំណត់ពេលបិទចោល។ ក្រសួងវប្បធម៌ បានប្រកាសឲ្យបិទបទនេះចោលដោយសារតែអះអាងថាបទនេះរំលោភកម្មសិទ្ធិបញ្ញារបស់បទជាមរតកដើម ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ រីឯសហព័ន្ធប្រដាល់ក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯណោះវិញ បានប្រតិកម្មថាបទនេះបានខ្លឹមសារប្រដូចអ្នកប្រដាល់ទៅនឹងសត្វតិរិច្ឆានដែលស្ថាប័ននេះស្នើឲ្យមានការកែប្រែប៉ារ៉ូលមួយចំនួនចោល។

យ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយបទនេះ នៅតែត្រូវបានបិទចោលនៅតាមប្រព័ន្ធវិទ្យុ និងទូរទស្សន៍ ទើបម្នាក់ៗស្រឡាំងកាំង បន្ទាប់ពីតារាចម្រៀង ខេម ស្រាប់តែលើកបទនេះមកបកស្រាយជាសាធារណ: កាលពីយប់ថ្ងៃទី២ មេសា ក្នុងកម្មវិធីតន្ត្រីបន្តផ្ទាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។

បទនេះមិនត្រូវបានពិធីករ និងពិធីការិនីប្រកាសឲ្យដឹងជាមុននោះទេ ដោយក្រោយពេលច្រៀងចប់បទម៉ែដែលជាបទបញ្ចលក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី» ទើបលោកខេម ប្រកាសពីចំណងជើងបទនេះឡើងច្រៀងតែម្ដង។ យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា បទ«ជីវិតអ្នកប្រដាល់» ដែលលោកយកមកច្រៀងជាថ្មីនោះ គឺបានកែប្រែប៉ារូល ដោយក្រៅពីមិនមានពាក្យតិរិច្ឆានដូចមុនក៏មានបញ្ចូលឃ្លាថ្មីមួយ ដែលមានន័យថាសូមកុំឲ្យខឹងរូបលោក ដែលលើកយករឿងពិតរបស់កីឡាករប្រដាល់មកច្រៀងរៀបរាប់ផងដែរ។ ក្រោយពេលច្រៀងចប់លោកបាននិយាយថាសូមផ្ញើបទនេះដល់អ្នកប្រដាល់គ្រប់រូប និងប្រាប់ថាហេតុផលដែលលោកចង់លើកបទនេះមកបកស្រាយគឺដោយសារតែលោកចង់បង្ហាញពីជីវិតអ្នកប្រដាល់។ បើទោះជាខ្លឹមសាររបស់បទនេះ ដែលពាក់ព័ន្ធនឹងការប្រដូចថាកីឡាករប្រដាល់ជាសត្វតិរិច្ឆានត្រូវបានផ្លាស់ប្ដូរ តែបទនេះនៅតែពាក់ព័ន្ធនឹងរឿងកម្មសិទ្ធិបញ្ញារឿងយកភ្លេងចាស់មកប្រើដដែល ទើបម្នាក់ៗស្រឡាំងកាំងនៅពេលលោកខេមជ្រើសយកបទនេះមកបកស្រាយជាសាធារណ:។

លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់បានអះអាងថាបើមានការកែប្រែខ្លឹមសារត្រង់កន្លែងរិះគន់ លោកស្វាគមន៍ចំពោះបទចម្រៀងមួយនោះ ប៉ុន្តែលោកមិនអាចបញ្ជាក់ពីបញ្ហាពាក់ព័ន្ធនឹងក្រសួងវប្បធម៌នោះទេ ខណ:ដែលមន្ត្រីក្រសួងនេះមិនទាន់ត្រូវបានសុំការបញ្ជាក់នៅឡើយ។ យ៉ាងណាមិញ អ្នកតាមដានមួយចំនួនបានបញ្ចេញមតិថា លោកខេម ហ៊ានលើកបទនោះមកច្រៀងក្នុងកម្មវិធីបន្តផ្ទាល់ជាថ្មី គឺប្រហែលជាបានដោះស្រាយរឿងកម្មសិទ្ធិបញ្ញាជាមួយក្រសួងវប្បធម៌រួចហើយក៏ថាបាន។ ករណីនេះផុសញូនឹងរង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ និងតារាចម្រៀងខេម៕

មតិយោបល់