ព័ត៌មានសិល្បៈ និងកម្សាន្ត

បទសម្ភាសន៍ នាយក្រូចនៅផ្ទះកំណើត ក្នុងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី៤ មេសា ក្រុមអ្នកសារព័ត៌មានផុសញូ បានចុះទៅដល់ផ្ទះកំណើតរបស់នាយក្រូចនៅខេត្តកំពង់ស្ពឺ ដើម្បីផ្ដិតយកពីទិដ្ឋភាពនៃជីវភាពជាក់ស្ដែងរបស់លោកក្រោយពេលល្បីឈ្មោះនៅក្នុងខេត្តនោះ។ ក្រៅពីជាតារាល្បី លោកត្រូវគេស្គាល់ថាជាថៅកែច្រើនមុខ ទាំងមុខរបរទិញស្រូវស្ដុក ជាអ្នកទិញដីលក់ដី ជាថៅកែអេតចាយ និងជាថៅកែវង់ភ្លេង ដែលមានចំណូលគ្រប់ច្រកផងដែរ ពីលើអាជីពកំប្លែង និងច្រៀងភ្លេងការ។

នាយក្រូចបានអះអាងថា នៅស្រុកកំណើតលោកបានឆ្លៀតទិញដីទិញធ្លីបានច្រើនកន្លែងគួរសម ទើបលោកចេះតែមានលទ្ធភាពលក់មួយទិញមួយ ហើយសល់លុយបានទិញរថយន្ត និងពង្រីកបើកមុខរបរជួលភ្លេង ជួលឆាក បើកមុខរបរទិញអេតចាយ និងទិញស្រូវស្ដុកទុកធំទៅៗ ធ្វើឲ្យលោកមានជីវភាពប្រសើរឡើង។ លោកថាខ្លួនមានវង់ភ្លេងតែ២វង់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែកេរ្តិ៍ឈ្មោះ ទើបមានអ្នកមកជួលច្រើន ដែលជំរុញឲ្យលោកលើកទឹកចិត្តឲ្យបងប្អូន និងអ្នកភូមិបើកមុខរបរនេះដែរ ហើយលោកជាអ្នករកទីផ្សារឲ្យ។ លោកចាត់ទុកខ្លួនមិនខុសពីមេអាហ្វែនោះទេ ដោយទោះជាគ្មានវង់តន្ត្រីរបស់ខ្លួនទទួលម៉ូយ ក៏អាចបោះការងារនោះឲ្យវង់តន្ត្រីក្នុងភូមិ ហើយទទួលបានផលចំណេញ។ លោកនៅក្នុងភូមិលោកមានវង់តន្ត្រីសរុប៣២វង់ ដោយលោកសម្គាល់ឃើញថាមិនមានវង់ណាដេកផ្ទះនោះទេ ដោយសារតែមានអ្នកជួលតាំងពីក្នុងភូមិផងរហូតដល់ខេត្តឆ្ងាយៗ។ លោកថាខ្លួនទទួលបានចំណូលជាប្រចាំចំនួន៣ផ្លូវគឺទិញដីលក់ដី ទិញស្រូវលក់ស្រូវ និងជួលវង់ភ្លេងឲ្យគេ ដោយទោះជាវង់ភ្លេងនោះគឺជារបស់អ្នកភូមិក៏លោកទទួលបានភាគរយដែរ ដោយសារតែលោកគឺអ្នករកម៉ូយនាំមុខគេប្រចាំភូមិស្រុក។ ក្នុងនោះលោកក៏ទទួលបានចំណូលពីការទិញរថយន្តលក់រថយន្តផងដែរ ដោយសារតែលោកចេះមើលគ្រឿងរថយន្ត ហើយឲ្យតែរថយន្តដែលលោកទិញជិះរមែងមានគេសុំទិញឲ្យចំណេញគឺលោកលក់ភ្លែត។ លោកថាលោកប្រឹងពង្រីកចំណូលសព្វគ្រប់ ទើបមានលទ្ធភាពទិញផ្ទះបង់រំលោះ និងចិញ្ចឹមកូនចៅរាប់មិនអស់ជាពិសេសគឺក្រុមតន្ត្រី និងអ្នកចម្រៀងក្នុងវង់តន្ត្រី។ ក្នុងនោះលោកក៏ប្រឹងទទួលច្រៀងការ និងលេងកំប្លែងផងដែរ ដើម្បីបានចំណូលច្រើនផ្ទប់គ្នា។ លោកថាក្នុងពេលមានឱកាសត្រូវតែប្រឹងបង្កើតមុខរបរ ដោយភរិយារបស់លោកក៏មេការមួយដែលជួយចាត់ចែងកិច្ចការរបស់លោកយ៉ាងពេញដៃពេញជើងផងដែរ។

តោះស្ដាប់បទសម្ភាសន៍របស់នាយក្រូច បង្ហាញពីជីវភាពនៅក្រៅសិល្ប: ដែលលោកសម្រេចបាន?

មតិយោបល់