ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង ចេញសម្ដីព្រមានផ្លូវច្បាប់

ខណ:ដែលលោកអ៉ិន សម្រេចចិត្តឲ្យមានការបញ្ចាំងខ្សែរឿង«អាមោកលក់ម៉ាំ»ដែលបានថតចប់តាំងពីមិនទាន់ផ្ទុះរឿងជាមួយលោកប៉ែន ចំរ៉ុង នោះ តារាសម្ដែងដែលជាតួឯកក្នុងរឿងនេះ បានប្រកាសយ៉ាងបើកចំហរថាខ្លួនមិនចូលរួមណាមួយទាំងផ្ទាល់ និងប្រយោល សម្រាប់ថ្ងៃបើកសម្ពោធរឿងនោះទេ។ លោកក៏បានព្រមានដោយវិធានការផ្លូវច្បាប់ ប្រសិនបើមានព័ត៌មានណាមួយ ដែលកើតចេញពីការដាក់បញ្ចាំងរឿងនេះ ហើយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក ក្រោយស្ងាត់រួចទៅហើយ។

យោងតាមការបញ្ជាក់របស់បុគ្គលិកមួយរូបប្រចាំក្រុមហ៊ុនពូព្រហ្ម ដែលបានទទួលសិទ្ធិចែកចាយរឿង«អាមោកលក់ម៉ាំ»ពីផលិតកម្មមហាហង្ស បានអះអាងថា ខ្លួនបានទាក់ទងទៅកាន់លោក ប៉ែន ចំរ៉ុង ក្នុងនាមជាអ្នកម៉ៅការរឿងនេះ ដើម្បីសុំឲ្យលោកប៉ែន ចំរ៉ុង ចូលរួមសម្ពោធរឿង ប៉ុន្តែត្រូវបានលោកច្រានចោល។ លោកប៉ែន ចំរ៉ុង ក៏បានបដិសេធនូវសំណើររបស់ក្រុមហ៊ុនពូព្រហ្ម ពាក់ព័ន្ធនឹងការសុំសិទ្ធិប្រូម៉ូតរឿងនេះ ហើយពាក់ព័ន្ធនឹងការយកឈ្មោះរបស់លោកនោះឡើយ។ លោកប៉ែន ចំរ៉ុង ត្រូវបានគេដកស្រង់សម្ដីថា«គាត់ថាអត់មកសម្ពោធដាច់ខាត គឺមិនចូលរួម ទាំងផ្ទាល់ និងប្រយោល សូម្បីតែខាងពូព្រហ្ម សុំចុះព័ត៌មានពីគាត់ដើម្បីប្រូម៉ូដរឿងហ្នឹង ក៏គាត់ប្រាប់ថាមិនអនុញ្ញាតិឲ្យពាក់ព័ន្ធឈ្មោះគាត់ដែរ!»។ អ្នកទម្លាយព័ត៌មានដដែលនិយាយថា លោកប៉ែន ចំរ៉ុង ព្រមានប្ដឹង ប្រសិនបើមានព័ត៌មានណាមួយប៉ះពាល់កិត្តិយសរបស់លោក ដោយសារតែការចុះផ្សាយដើម្បីឡង់សេភាពយន្តរឿង«អាមោកលក់ម៉ាំ»របស់លោកអ៉ិន នោះ។ បុគ្គលិកដដែលបានដកស្រង់សម្ដីរបស់លោកប៉ែន ចំរ៉ុងថា«គាត់ថាគាត់បានស្ងប់ហើយ ចឹងអត់ឲ្យផ្សាយអីពីរឿងអាមោកលក់ម៉ាំអី ហើយមានឈ្មោះគាត់ទេ គាត់ថាបើមានព័ត៌មានណាមួយធ្វើឲ្យគេគាស់កកាយរឿងមិនល្អរបស់គាត់ ធ្វើឲ្យគាត់អាម៉ាសជាថ្មី គាត់ថានឹងប្ដឹង!»។ យ៉ាងណាមិញ អ្នកទម្លាយព័ត៌មានដដែលបានអះអាងថា ការសរសេរសើររើពីរឿងអតីតកាលពីលោករបស់ក្រុមអ្នកកាសែត គឺជាសិទ្ធិរបស់អ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថាបើទោះជាការសរសេរពាក់ព័ន្ធលោកប៉ែន ចំរ៉ុង ភ្ជាប់នឹងរឿងអាស្រូវណាមួយ គឺខាងពូព្រហ្ម មិនមែនជាអ្នកបញ្ជានោះទេ។

លោកអ៉ិន ម្ចាស់ផលិកម្មមហាហង្ស បានអះអាងថាការសម្រេចប្រគល់សិទ្ធិឲ្យពូព្រហ្មចែកចាយរឿង«អាមោកលក់ម៉ាំ» គឺ ដោយសារតែលោកមិនចង់ពាក់ព័ន្ធជាមួយលោកប៉ែន ចំរ៉ុង ក្នុងនាមផលិតកម្មមហាហង្ស។ លោកថាបើប៉ែន ចំរ៉ុង ចង់ប្ដឹងគឺពិតជាសំដៅលើខ្លួន តែលោកមិនខ្លាចនោះទេ ដោយលោកបញ្ជាក់ថាខ្លួនមានសិទ្ធិយករឿងដែលសម្រេចចិត្តផ្អឹបចោលជាយូរនោះមកធ្វើអាជីវកម្ម ហើយការចុះផ្សាយរបស់អ្នកកាសែតភ្ជាប់រឿងណាមួយគឺសិទ្ធរបស់អ្នកព័ត៌មាននោះទេ៕

មតិយោបល់