Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាកុះករ បើក...

តារាកុះករ បើកការប្រគំតន្ត្រីសប្បុរសធម៌ធំនៅតាខ្មៅ ជួយគន្ធបុប្ផា

នៅរសៀលថ្ងៃទី៩ មេសានេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយរបស់គ្រួសារតារាកម្ពុជានឹងត្រូវធ្វើឡើងនៅកណ្ដាលក្រុងតាខ្មៅ ដោយមានការរំពឹងខ្ពស់យ៉ាងខ្លាំងថានឹងទទួលជោគជ័យ មិនដូចគ្នានឹងព្រឹត្តិការណ៍ដែលធ្លាប់បានធ្វើនៅសកលវិទ្យាល័យន័រតុនកាលពីឆ្នាំមុន ដែលត្រូវរំខានដោយភ្លៀងមួយមេធំ។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាចូលរួមដោយតារាល្បីៗយ៉ាងច្រើនកុះករ មកពីក្រុមអ្នកសិល្ប:មួយនេះ ដោយទីតាំងប្រារព្ធពិធីគឺបានកំណត់ឡើងក្នុងបរិវេណវិទ្យាល័យហ៊ុនសែនសេរីភាព ហៅសាលាលិចទឹក នៅជិតរង្វង់មូលលោកតាម៉ៅ នៅខេត្តកណ្ដាល។

ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាដំបូងឡើយដែលនាំឲ្យមានព្រឹត្តិការណ៍នេះ គឺដោយសារតែក្រុមដំបូលតែមួយដែលជាអតីតសិស្សនៅក្នុងវិទ្យាល័យហ៊ុនសែនសេរីស្នើឲ្យមានការសហការ ដោយសារតែក្រុមមួយនេះបានសម្រេចឲ្យមានព្រឹត្តិការណ៍រាំច្រៀង ក្នុងបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រាមួយកន្លែង។ កាលពីឆ្នាំកន្លងទៅក្នុងថ្ងៃខែដដែល ក្រុមដំបូលតែមួយធ្លាប់បានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌មួយនេះម្ដងហើយ ដោយទទួលបានថវិកាជាង៤លានរៀល ពីការលក់ដូរផលិតផលផ្សេង និងផ្ញើកង់ម៉ូតូជាដើម។ លោកថាព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ នឹងរំពឹងលើចំណូលពីផ្ញើកង់ផ្ញើម៉ូតូ ពីការលក់ដូរផ្សេងៗរបស់ក្រុមដំបូលតែមួយ និងមួយផ្នែកពីការរៃអង្គាសថវិការបស់ចូលរួមទស្សនាតែម្ដង ដោយចំណូលទាំងស្រុង មិនត្រូវបានយកមកស៊ីសងនឹងការចំណាយផ្សេងៗទាំងស្រុង ទើបលោករំពឹងថាព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជានៅថ្ងៃទី៩ មេសានេះ នឹងធ្វើឲ្យក្រុមដំបូលតែមួយទទួលបានចំណូលច្រើនជួយសង្គម។ ស្ថាបនិកដដែលបានអះអាង គ្រួសារតារាកម្ពុជា ក្រៅពីផ្ដល់តារាសិល្ប:ជួយដល់ព្រឹត្តិការណ៍នេះ ក៏បានផ្ដល់ជូននូវឆាក វង់ភ្លេង និងការបោះពុម្ពប៉ាំណូជួយដល់ក្រុមដំបូលតែមួយផងដែរ ដើម្បីលើកទឹកចិត្តដល់ទឹកចិត្តសប្បុសធម៌របស់ក្រុមនេះ។

លោកថាតារាសិល្ប:នឹងបើកព្រឹត្តិការណ៍ចាប់ពីម៉ោង១រសៀលតទៅនៅវិទ្យាល័យហ៊ុនសែនសេរីភាព ដោយមានវត្តមានតារាល្បីៗដូចជាអ្នកនាងស៊ុន ណារីម៉ូនីកា នាយព្រែក កញ្ញាផន ស្រីខួច តារាចម្រៀងហង្សមាស លោកសុខ រ៉ាស៊ី-កញ្ញា ឃឹម ចរិយា ពិធីករពិធីការិនីរបស់PNN លោកចន អេឡិចហ្សូរ៉ា កញ្ញាពេជ្រ អាវីហ្សា លោកលាង ឧត្តម លោកយន សុភ័ក្រ អតីតបេក្ខភាពរបស់Cambodian Idol និងតារាយុវវ័យល្បីឈ្មោះជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះក៏មាន ផ្សាយផ្ទាល់ដោយវេបសាយPostnews លើផេក Postkomsan ចាប់ពីម៉ោង៣រសៀលតទៅផងដែរ៕

Loading...