Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាសម្ដែង លី...

តារាសម្ដែង លី ឌីណា និយាយពី បារមីប្រាសាទព្រះខ័ន្ធចូលសណ្ឋិត

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូបង្ហាញពីការចូលសណ្ឋិតដោយសំណាក់បារមីនៅប្រាសាទព្រះខ័ន្ធនៅខេត្តសៀមរាបចំពោះតារាសម្ដែងនាងលី ឌីណា។ នេះជាលើកទី១ ដែលតារាសម្ដែងស្រីកំពុងឡើងកូដរូបនេះត្រូវបានបារមីចូលសណ្ឋិតឡើងផ្អើលថ្ងៃចុងក្រោយចូលឆ្នាំ បន្ទាប់ពីនាងទើបនឹងត្រូវស្ងប់ស្ងាត់រឿងរ៉ាវជាមួយអ្នកនាងឈិន សុធារី ពាក់ព័ន្ធរឿងប្រច័ណ្ឌនឹងលោកសុវណ្ណ មករានោះ។

លី ឌីណា បានថ្លែងប្រាប់ថា កាលពីថ្ងៃទី១៧ មេសា នៅវេលាម៉ោងប្រមាណជា១រសៀល នាង និងមិត្តភ័ក្ត្របានតម្រង់ជួរចូលអុជធូបនៅខាងមុខប្រាសាទព្រះខ័ន្ធ ហើយស្រាប់តែលេងដឹងខ្លួនតែម្ដង ដោយបានដឹងខ្លួនក្នុងពេលដែលនាងអង្គុយដួលលើដីតែម្ដង។ នាងថាខ្លួនមានការភ្ញាក់ផ្អើល ដែលក្រុមមិត្តភ័ក្ត្របានបង្ហោះវីដេអូឲ្យនាងបានឃើញ ដោយឃើញរូបនាងចេះរាំអេនអនយ៉ាងចម្លែក ដោយសូម្បីតែនាងមិនដែលចេះរាំរបាំបែបហ្នឹងពីមុនទាល់តែសោះ។ នាងថាជាលើកទី១ ដែលនាងទៅលើតំបន់ប្រាសាទព្រះខ័ន្ធក៏មានអាការ:បែបនេះ ខណ:ដែលនាងក៏នៅតែមានអារម្មណ៍ខ្លាចៗ និងភ័យៗមិនទាន់អស់នៅឡើយ។

លោកអៀង វត្ថា តារាចម្រៀង និងជាអ្នករួមដំណើរជាមួយកញ្ញា លី ឌីណា ទៅកម្សាន្តនៅខេត្តសៀមរាប បានអះអាងថាក្នុងពេលទៅតម្រង់ជួរអុជធូបនៅមុខប្រាសាទព្រះខ័ន្ធ តារាសម្ដែងរូបនេះក៏ស្រាប់តែមានសកម្មភាពរាំរែកខុសពីអ្នកទាំងឡាយ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកជុំវិញ។ ក្នុងពេលនាងរាំអែនអនដំបូង លោកស្មានថានាងលេងសើចប៉ុណ្ណោះ ប៉ុន្តែក្រោយមកទើបដឹងថានាងត្រូវបានសង្កត់ដោយវិញ្ញាណបារមី ហើយលោកក៏ជួយទប់នាងក្រោយពេលនាងដួល។ លោកថាខ្លួនមិនជឿរឿងអបិយជំនឿនោះទេ ប៉ុន្តែនៅចំពោះមុខហេតុការរណ៍នេះ គឺលោកមិនជឿមិនបាន។ លោកបានសម្រេចចិត្តផុសវីដេអូនោះភ្លាមៗនៅលើគណនេយ្យផ្ទាល់ខ្លួន ដោយលោកប្រកាសវីដេអូនោះរឹតតែមានការចាប់អារម្មណ៍ខ្លាំងឡើង ក្រោយពីដឹងថានារីដែលត្រូវបារមីចូលសណ្ឋិតនោះគឺជាតារាសម្ដែង ដែលត្រូវគេស្គាល់ថាជាតួឯកក្នុងភាពយន្តមួយរូប និងជាសមាជិករបស់គ្រួសារតារាកម្ពុជានោះផង។

លី ឌីណា បានអះអាងថាខ្លួនមិនមានអារម្មណ៍ស្រោចទឹកបណ្ដោះគ្រោះនោះទេ ដោយនាងយល់ថាការចូលសណ្ឋិតរបស់បារមីនៅក្នុងថ្ងៃនោះ គឺមិនខុសពីមនុស្សមាននិស្ស័យនឹងបារមី ដែលមិនគួរភ័យខ្លាចរហូតដល់ដើរស្រោចទឹកបណ្ដោះគ្រោះ៕

Loading...