ព័ត៌មានសិល្បៈ និងកម្សាន្ត

ភោ សុផានិត ប្រកាសធ្វើព្រឹត្តិការណ៍៧យប់៧ថ្ងៃ ក្រោយចប់សង្ក្រាន្តវិហារសួគ៌

បន្ទាប់ពីមានឱកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិហារសួគ៌ ហើយអះអាងថាទទួលជោគជ័យនៅលើតំបន់អភិវឌ្ឍន៍7NG លោកភោ សុផានិត ដែលជាពិធីករ និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី បានអះអាងថាលោកនឹងរៀបចំព្រឹត្តិការណ៍ឲ្យកាន់តែធំលើសនេះច្រើនដងរហូតដល់៧យប់៧ថ្ងៃ នៅអំឡុងពេលខាងមុខ។ លោកគម្រោងនឹងធ្វើឲ្យព្រឹត្តិការណ៍មួយថ្មីរបស់ខ្លួនដែលត្រូវធ្វើឡើងនៅលើទីតាំងដដែលគឺនៅជិតវត្តវិហារសួគ៌នោះ ក្លាយជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំនោះផង។

លោក ភោ សុផានិត និយាយថាក្រោយទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិហារសួគ៌កាលពីមុនថ្ងៃចូលឆ្នាំខ្មែរ លោកបានសម្រេចថានឹងធ្វើឲ្យព្រឹត្តិការណ៍ធំមួយទៀតនៅលើទីតាំងដដែល ដោយប្រកាសធ្វើដល់ទៅ៧យប់៧ថ្ងៃឯណោះ នៅអំឡុងចុងឆ្នាំ។ លោកថាព្រឹត្តិការណ៍ថ្មីនោះនឹងមានការដេញថ្លៃសេះ មានការលេងល្បែងកម្សាន្ត និងព្រឹត្តិការណ៍ច្រៀងរាំពីសំណាក់តារាល្បីៗ ដើម្បីធ្វើឲ្យមហាជនស្គាល់កាន់តែច្បាស់ពីសក្ដានុពលនៅតំបន់វិហារសួគ៌។ លោកថាគម្រោងសម្រាប់ព្រឹត្តិការណ៍ថ្មីនោះ គឺនឹងធ្វើនៅថ្ងៃទី២៥ ធ្នូ រហូតដល់៣១ធ្នូ ដើម្បីអបអរបុណ្យដំណាច់ឆ្នាំ និងឆ្លងឆ្នាំសកលនោះផង។ ម្យ៉ាងមកពីលោកយល់ថានៅទីតាំងនោះមានពលរដ្ឋចំណូលថ្មីជាកម្មកររោងចក្រជាច្រើនពាន់នាក់ ទើបលោកសម្រេចចិត្តរៀបចំជាថ្មីហើយធ្វើឲ្យធំជាងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែម្ដង។ កម្មវិធីនោះក៏គម្រោងនឹងបាច់កាំជ្រួចធំៗលើអាកាសរហូតដល់៧គ្រាប់មិនធ្លាប់មានផងដែរ នៅថ្ងៃដំណាច់ឆ្នាំនោះ។ លោកថាសង្ក្រាន្តវិហារសួគ៌ បានផ្ដល់បទពិសោធន៍ឲ្យលោកជោគជ័យក្នុងការរៀបចំ ទើបជំរុញឲ្យលោកសម្រេចចិត្តចាត់ចែងកម្មវិធីជាថ្មីឡើង នៅអំឡុងចុងឆ្នាំ។ លោកថាតំបន់វិហារសួគ៌នឹងក្លាយជាទីតាំងដែលលោកត្រូវចាត់ចែងព្រឹត្តិការណ៍សង្ក្រាន្ត និងព្រឹត្តិការណ៍ឆ្លងឆ្នាំឲ្យបានរាល់ឆ្នាំ ដើម្បីឲ្យពលរដ្ឋនៅក្នុងតំបន់ដែលមានប្រជាជនជឿជាក់ថាជាទីស័ក្តសិទ្ធិនោះមានឱកាសបានសប្បាយរីករាយ។

មតិយោបល់