ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌុច លីដា បន្តជំហរសម្ដែងឈុតស្រើបស្រាល និងស៊ិចស៊ី

ការសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី» បានធ្វើឲ្យមានការរិះគន់ជាថ្មីពីឥរិយាបថរបស់តារាសម្ដែងនាងឌុច លីដា គួរសម ដោយសារតែក្នុងរឿងនោះ នាងត្រូវសម្ដែងជាតួដែលមានចរិតស៊ីវិល័យ ហើយបញ្ចេញកាយវិការោលរាលមិនគួរឲ្យជឿលើគ្រែជាមួយតួអង្គប្រុស ដែលធ្វើឲ្យអ្នកទស្សនាឃើញហើយមានការរិះគន់ថានាងសម្ដែងមិនណយបើធៀបនឹងតារាបរទេស។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នាងបានប្រកាសថាមិនមែនគ្រាន់តែការរិះគន់ដដែលនោះ នាងសម្រេចចិត្តឈប់សម្ដែងក្នុងឈុតស្រើបស្រាល និងស៊ិចស៊ីចំហរល្វែងលើដូចមុននោះទេ គឺនាងនៅតែបន្តការសម្ដែងជាធម្មតា។

ឌុច លីដា និយាយថានាងជាតារាសិល្ប: ដូច្នេះឲ្យតែឈុតឆាកណាដែលខាងផលិតករគាត់ថាអត់មានការប៉ះពាល់ខ្លាំងនៅពេលដាក់បញ្ចាំង គឺនាងនឹងហ៊ានសម្ដែង។ នាងថាមនុស្ស២នាក់បើដើរតួស្រលាញ់គ្នា ដាច់ខាតត្រូវតែមានឈុតសម្ដែងឲ្យអ្នកទស្សនាមើលដឹងថាពិតជាស្អិតល្មួតនឹងគ្នា មិនអាចគ្រាន់តែអង្គុយជិតគ្នា ហើយកាន់ដៃគ្នា រួចធ្វើកុនដែលនាងបានសម្ដែងត្រូវចំសាច់រឿងបានទេ។ អ៊ីចឹងហើយទើបនាងនៅតែប្រកាន់ជំហរបន្តការសម្ដែងតាមការចង់បានរបស់ផលិតករ ដោយអះអាងថាទោះឈុតស្នេហាស្រើបស្រាល ឬ ស៊ីចស៊ីតម្រូវឲ្យចំហរល្វែងលើដូចដែលនាងធ្លាប់បានសម្ដែង គឺនៅតែទទួល។ យ៉ាងណាមិញ នាងថាមុនពេលសម្ដែងនាងក៏បានពិភាក្សាជាមួយផលិតករ ដើម្បីកែសម្រួលរាល់ឈុតឆាកស្រើបស្រាល និងស៊ិចស៊ី ដើម្បីកុំឲ្យចេញទៅមានការប៉ះពាល់ផងដែរ។ នាងថាវិស័យសម្ដែងនៅក្នុងប្រទេសកម្ពុជាមិនទាន់ទទួលយកគំនិតទូលំទូលាយនៅឡើយទេ ទើបឲ្យតែនាងសម្ដែងអោបរឹតជាមួយតួប្រុសរបៀបរោលរាលបន្តិច ឬសម្ដែងចំហរលើ ឬស្រាតអីបន្តិចក៏មានការរិះគន់។ នាងថាក្លាយខ្លួនជាតារាមិនរារែកនឹងពាក្យតំនៀលទាំងនោះទេ ទើបនាងនៅតែបន្តជំហរទទួលយកការសម្ដែងឲ្យអស់ពីសមត្ថភាព ដោយអត់មានប្រកាន់ជំហរថាឈប់សម្ដែងស៊ិចស៊ី ឬឈុតឆាកស្រើបស្រាល ព្រោះតែរងការវាយសំពងដោយការរិះគន់ម្ដងជាពីរដងនោះឡើយ។ នាងបានប្រកាសបែបនេះក្នុងជំនួបថ្ងៃក្រុងពាលីរឿង«ទូកបាត់ច្រវ៉ា»ដែលក្នុងរឿងនេះ ក៏មានការអះអាងថានឹងតម្រូវឲ្យនាងសម្ដែងជាអ្នកចម្រៀងស៊ិចស៊ី និងឈុតឆាកស្រើបស្រាលផងដែរ ដោយគ្រាន់តែមានកម្រិតមិនដល់ប្លង់រោលរាលដែលនាងបានសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»។

សូមស្ដាប់បទសម្ភាសន៍ដោយផ្ទាល់របស់នាងជុំវិញបញ្ហានេះ៖

//www.youtube.com/watch?v=lS6vDw2M8q8

មតិយោបល់