ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ

មកទល់ពេលនេះ មានការលេចឮកាន់តែខ្លាំងថាសមាគមន៍សិល្បករខ្មែររបស់លោកសុះ ម៉ាច និងសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា មានគម្រោងរំលាយបញ្ចូលគ្នា ឬច្របាច់បញ្ចូលគ្នា ដោយលោកសុះ ម៉ាច អាចជាប្រធាន ហើយចន ច័ន្ទលក្ខិណា ជាអនុប្រធាន ឬចន ច័ន្ទលក្ខិណា អាចជាប្រធានតែម្ដង ដើម្បីឲ្យមាននារីបានក្លាយជាប្រធានម្ដង។ យ៉ាងណាក៏ដោយឆ្លើយតបនឹងបញ្ហានេះ ភាគីទាំងពីរបដិសេធ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថាសមាគមទាំងពីរមិនមានគម្រោងរំលាយចូលគ្នាដូចការលេចឮនោះទេ ប៉ុន្តែលោកថានឹងក្លាយជាកិច្ចសហការរួមមួយ ដើម្បីឲ្យដំណើរការដឹកនាំសមាគមទាំងពីរឲ្យកាន់តែប្រសើរ។ យ៉ាងណាមិញ លោកថាអ្នកនាងចន ច័ន្ទលក្ខិណា នឹងអាចក្លាយជាប្រធានរបស់សមាគមសិល្បករខ្មែរ ដោយសារតែលោកនឹងសម្រេចលាលែងតំណែងជាប្រធាន ហើយកំណត់ឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី។

លោកថាក្នុងការបោះឆ្នោតនោះ លោកនឹងអញ្ជើញអ្នកនាងចន ច័ន្ទលក្ខិណា និងតំណាងសិល្បករមួយចំនួនឲ្យឈរជាបេក្ខភាពឲ្យគេបោះឆ្នោតឲ្យ ដោយតារាល្បីៗជើងចាស់មួយចំនួនក៏ត្រូវជ្រើសឲ្យឈរឈ្មោះផងដែរដើម្បីឲ្យមានបេក្ខភាពអ្នកចូលរួមបោះឆ្នោតពីគ្រប់ភាគីប្រកួតប្រជែងគ្នា។ លោករំពឹងថាសមាសភាពប្រធានថ្មី នឹងមានឥទ្ធិពលដឹកនាំសមាគមសិល្បករខ្មែរឲ្យបោះជំហានទៅមុខ ដោយសារតែសមាសភាពដែលលោកអញ្ជើញឲ្យធ្វើជាបេក្ខភាពឲ្យឈរឈ្មោះជាប្រធាន សុទ្ធតែមានសមត្ថភាពក្នុងកិច្ចការដឹកនាំតារាសិល្ប:។ លោកថាលោកសម្រេចចិត្តមិនឈរជាប្រធានទៀតទេ ដើម្បីទុកឲ្យសមាសភាពដែលឈរជាបេក្ខភាពប្រធាន និងជាក្រុមប្រឹក្សាថ្មី មានឱកាសបញ្ចេញសមត្ថភាពជួយដល់សង្គមសិល្ប:ទាំងមូល។ លោកថាអ្នកនាងចន ច័ន្ទលក្ខិណា រំលាយសមាគមរបស់ខ្លួនចោល ឬមិនរំលាយ ក្រោយអ្នកនាងបានជាប់ជាប្រធាន ឬជាក្រុមប្រឹក្សារបស់សមាគមគឺជាការសម្រេចចិត្តរបស់អ្នកនាង ប៉ុន្តែបើឲ្យសមាគមទាំងពីររំលាយបញ្ចូលគ្នាគឺ អត់មានទេ។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម បានអះអាងថាអ្នកនាងនឹងឈរជាបេក្ខភាពសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០១៧នោះ។ យ៉ាងណាមិញអ្នកនាងថាអត់មានរំលាយសមាគមរបស់ខ្លួនចោលទេ ដោយគ្រាន់តែឲ្យអ្នកផ្សេងទទួលខុត្រូវ ហើយអាចអ្នកនាងជួយជំរុញនៅពីក្រោយ។ អ្នកនាងថាខ្លួនក៏ចង់រួមចំណែកដឹកនាំសមាគមសិល្បករកម្ពុជាផងដែរទើបសម្រេចចិត្តឈរឈ្មោះ ដើម្បីពង្រឹងសកម្មភាពតារាឲ្យកាន់តែខ្លាំង៕

មតិយោបល់